ព័ត៌មានជាតិ

រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ផ្ដល់អនុសាសន៍ ៤ចំណុច ដើម្បីរួមចំណែកសម្រេចចក្ខុវិស័យ លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅ របស់ប្រជាជននៅតំបន់ជនបទ

ភ្នំពេញ៖ ក្នុងពិធីជួបសំណេះសំណាល និងសាកសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដល់អនុសាសន៍សំខាន់ ៤ចំណុច ដើម្បីចូលរួមចំណែកសម្រេចចក្ខុវិស័យ ក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅ របស់ប្រជាជននៅតំបន់ជនបទ ។

ក្នុងពិធីនោះដែរលោក ឆាយ ប្ញទ្ធិសែន បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្វសាធុការពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជា ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលធ្វើឱ្យសម្រេចបានសមិទ្ធផលគួរជាទីមោទន លើវិស័យសំខាន់ៗ រួមមាន ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ពិពិធកម្មសេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍភូមិគំរូ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ទន្ទឹមនឹងនោះ ក្រសួងបាននិងកំពុងខិតខំបំពេញបេសកកម្មយ៉ាងសកម្ម ធ្វើយ៉ាងណាឱ្យសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនគឺ “ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ។
ដើម្បីចូលរួមចំណែកឱ្យសម្រេចបាននូវ ចក្ខុវិស័យខាងលើនេះ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ លោករដ្ឋមន្រ្ដី បានផ្ដល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម ៖

១.ត្រូវរក្សាសមិទ្ធផល និងស្នាដៃរបស់រាជរដ្ឋាភិបាលដែលមានស្រាប់ និងត្រូវបន្តបង្កើនស្នាដៃថ្មីៗបន្ថែមទៀតដើម្បីចូលរួមសម្រេចឱ្យបានយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យកម្ពុជាមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

២.មន្ទីរត្រូវខិតខំបំពេញតួនាទីជាសេនាធិការឱ្យបានល្អ និងសុចរិតដល់រដ្ឋបាលខេត្ត និងសហការល្អជាមួយមន្ទីរពាក់ព័ន្ធនានា ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការដៃគូ ដើម្បីជំរុញការងារអភិវឌ្ឍន៍ជនបទឱ្យកាន់មានប្រសិទ្ធភាពថែមទៀត។

៣.មន្ទីរត្រូវបង្កើតឱ្យមានប្រព័ន្ធផ្សព្វផ្សាយឌីជីថល ក្រុមអ្នកនាំពាក្យ ដើម្បីផ្ដល់ព័ត៌មាន ក្នុងគោលដៅចូលរួមផ្សព្វផ្សាយពីស្នាដៃ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងឱ្យបានទូលំទូលាយដល់គ្រប់ស្រទាប់មហាជន។

៤.ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មិនប្រកាន់បក្ខពួក យកចិត្តទុកដាក់មន្ត្រីរាជការមានពិការភាព មន្ដ្រីរាជការជាស្រ្ដីមានផ្ទៃពោះ ឬមានកូនតូចជាដើម ៕

To Top