ព័ត៌មានអន្តរជាតិ

Update៖ ជនជាតិប៉ាឡេស្ទីន បាត់បង់ជីវិត នៅក្នុងតំបន់ហ្គាហ្សា កើនឡើងដល់ ជាង២០.០០០នាក់ហើយ

រូបភាព៖ Xinhua

ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ថា ក្រសួងសុខាភិបាល ដែលមានមូលដ្ឋាន នៅតំបន់ហ្គាហ្សា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់របស់ជនជាតិប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអ៊ែល នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់២០.២៥៨នាក់ គិតចាប់តាំងពីថ្ងៃទី៧ ខែតុលា ដោយមានអ្នករងរបួសចំនួន៥៣.៦៨៨នាក់ ។

ក្រសួងខាងលើបានឲ្យដឹងទៀតថា យ៉ាងហោចណាស់ មានជនជាតិប៉ាឡេស្ទីន ចំនួន២០១នាក់ ត្រូវបានសម្លាប់ និងចំនួន៣៦៨នាក់ បានរងរបួសនៅក្នុងការវាយប្រហារ របស់អ៊ីស្រាអ៊ែលគិតក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ។

ប្រភពពីផ្នែកវេជ្ជសាស្រ្ត និងសន្តិសុខបានប្រាប់ដល់ Xinhua ថា មនុស្សយ៉ាងហោចណាស់ ចំនួន១៨នាក់ បានស្លាប់ និងជាច្រើននាក់ទៀត បានរងរបួសកាលពីថ្ងៃសៅរ៍ បន្ទាប់ពីការវាយប្រហារ តាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល នៅជំរុំជនភៀសខ្លួន al-Bureij នៅចំកណ្តាលនៃតំបន់ហ្គាហ្សា ។

ប្រភពដដែលបានឲ្យដឹងទៀតថា ទន្ទឹមនឹងនេះដែរ ការវាយប្រហារ តាមផ្លូវអាកាសមួយទៀតរបស់អ៊ីស្រាអ៊ែល សំដៅលើជំរុំជនភៀសខ្លួន Jabalia ដែលស្ថិតនៅភាគខាងជើង នៃតំបន់ហ្គាហ្សា បានបណ្តាលឲ្យ មនុស្សរាប់សិបនាក់ ស្លាប់ និងរងរបួស ។

អ៊ីស្រាអ៊ែល បាននិងកំពុង បើកការវាយលុកទ្រង់ទ្រាយធំ ប្រឆាំងនឹងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកប្រឆាំងនឹង ការវាយលុករបស់ក្រុមហាម៉ាស់ ឆ្លងកាត់ព្រំដែនភាគខាងត្បូង អ៊ីស្រាអ៊ែល កាលពីថ្ងៃទី៧ ខែតុលា ក្នុងអំឡុងពេល ដែលមនុស្សប្រហែល១.២០០នាក់ បានស្លាប់ និងជាង២០០នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top