ភ្នំពេញ ៖ សម្តេច ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធត្រូវ បន្តចូលរួមពង្រឹង និងថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ ការពារព្រះមហាក្សត្រ ព្រមទាំងបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ៤ជាន់ ៣០បន្ទប់ នៃវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងជូនរង្វាន់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A ចំនួន ៧៧រូប នាថ្ងៃទី២៤ ធ្នូ នេះ សម្តេច ស ខេង មានប្រសាសន៍ថា «សូមបន្តចូលរួមពង្រឹង និងថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ បូរណភាពទឹកដី អធិបតេយ្យជាតិ ការពារព្រះមហាក្សត្រ ព្រមទាំងបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស សិទ្ធិសេរីភាពប្រជាពលរដ្ឋ និងពង្រឹងនីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា»។
សម្ដេច បន្ថែមថា បន្ដជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលើក កម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ពិសេសសកម្មភាពជួញដូរចែកចាយប្រើប្រាស់គ្រឿងញៀន បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់តាមមូលដ្ឋាន អំពើហិង្សាក្នុងគ្រួសារ និងក្រុមក្មេងទំនើង ព្រមទាំង បន្តជំរុញសកម្មភាពត្រួតពិនិត្យ និងផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយពីការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនតាមគោលការណ៍ «បីកុំ មួយរាយការណ៍»។
សម្ដេច បន្ដថា អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច បង្កើនវិធានការអប់រំដោយដើរទន្ទឹមនឹងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សំដៅធ្វើយ៉ាងណាកាត់ បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅក្នុងកម្រិតអប្បបរមា ខណៈបញ្ហាគ្រោះថ្នាក់ ចរាចរណ៍នៅតែជាបញ្ហាប្រឈមក្នុងសង្គមដែលបណ្ដាលឱ្យមានមនុស្សស្លាប់ និងរងរបួសជារៀងរាល់ថ្ងៃ។
ទន្ទឹមនឹងនេះ សម្ដេច គូសបញ្ជាក់ថា ត្រូវយកចិត្តទុកដាក់និងត្រៀមជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗ ប្រជាពលរដ្ឋដែលមានការខ្វះខាត និងជនងាយរងគ្រោះនានា ដើម្បី លើកកម្ពស់សមធម៌ និងសុខុមាលភាពល្អប្រសើរ។ ផ្សព្វផ្សាយអប់រំឱ្យប្រជាពលរដ្ឋ ថែរក្សាសុខភាព អនាម័យ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ឱ្យបានជាប់ជាប្រចាំក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕