ភ្នំពេញ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ មេត្តាកុំបង្កបង្កើនផលស្រូវ លើកទី៣ ព្រោះប្រភពទឹកមិនអាចផ្គត់ផ្គង់ តាមតម្រូវការ ខណៈចំនួនផ្ទៃដីធ្វើស្រូវប្រាំងលើកទី២ បានកើនឡើងហួសជាងពាក់កណ្ដាល នៃប្រភពទឹកដែលត្រូវផ្គត់ផ្គង់។
តាមរយៈគណនីហ្វេសប៊ុក លោក ខូយ រីដា បានឱ្យដឹងថា ជីវិតជាកសិករ ពឹងផ្អែកលើការបង្កបង្កើនផលជាអត្ថិភាព បញ្ហាប្រឈមរបស់កសិករ ជាដំណោះស្រាយរបស់អាជ្ញាធរ ។
ជាមួយការលើកឡើងខាងលើ លោក ខូយ រីដា ក៏បានបញ្ជាក់ថា «សូមអំពាវនាវ ដល់ពុកម៉ែបងប្អូន ប្រជាពលរដ្ឋយើងទាំងអស់ មេត្តាកុំបង្កបង្កើនផលលើកទី៣ ទៀតព្រោះប្រភពទឹកមិនអាចអន្តរាគមន៍ជូន ពុកម៉ែប្រជាពលរដ្ឋបានតាមតម្រូវការទេ អាច ធ្វើអោយយើងខាតបង់ ថវិកាដោយមិនទទួលបានផល»។
លោកបន្ថែមថា មកដល់ពេលនេះ ទំនប់ទឹកដ៏ធំ របស់ខេត្តពោធិ៍សាត់ គឺទំនប់ទី៥ ចាប់ផ្តើមអន្តរាគមន៍ ហើយ ។
លោក ខូយ រីដា ឱ្យដឹងផងដែរថា ទឹកសម្រាប់បង្កបង្កើនផលស្រូវរដូវប្រាំង មានសម្រាប់តែ ២មុឺនហិកតាទេ តែកសិករ បង្កបង្កើនផលដល់ទៅ ៤៣០០០ហិកតា៕