តេអេរ៉ង់៖ អ៊ីរ៉ង់បានបដិសេធថា ខ្លួនបានវាយប្រហារនាវាដឹកប្រេង ដែលគ្រប់គ្រងដោយជប៉ុន នៅក្នុងមហាសមុទ្រឥណ្ឌាកាលពីចុងសប្តាហ៍ ដោយអ្នកនាំពាក្យក្រសួងការបរទេស បានហៅការចោទប្រកាន់ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកថា “គ្មានមូលដ្ឋាន” ។
មន្ទីរបញ្ចកោណបានឲ្យដឹងថា កប៉ាល់ដឹកសារធាតុគីមីដែល ដំណើរការដោយប្រទេសហូឡង់ ដែលមានទង់ជាតិលីបេរីយ៉ា ត្រូវបានវាយប្រហារចម្ងាយប្រហែល ៣៧០ គីឡូម៉ែត្រពីប្រទេសឥណ្ឌា “ដោយយន្តហោះដ្រូន វាយប្រហារមួយផ្លូវ ដែលបាញ់ចេញពីប្រទេសអ៊ីរ៉ង់” ។ កាសែត Wall Street Journal បានរាយការណ៍ថា កប៉ាល់នេះត្រូវបានភ្ជាប់ ជាមួយមហាសេដ្ឋីអ៊ីស្រាអែល Idan Ofer ។
អ៊ីរ៉ង់គាំទ្រក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ដែលបានចូលរួមក្នុងសង្គ្រាមជាមួយ អ៊ីស្រាអែលចាប់តាំងពីថ្ងៃទី០៧ ខែតុលា និងក្រុមឧទ្ទាមហួទី គាំទ្រប្រទេសយេម៉ែន ដែលបានវាយប្រហារម្តងហើយម្តងទៀត លើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម។
មេបញ្ជាការកងឆ្មាំបដិវត្តន៍ឥស្លាមឥស្លាមរបស់អ៊ីរ៉ង់ បានគំរាមបិទផ្លូវទឹកផ្សេងទៀត ប្រសិនបើអ៊ីស្រាអែលបន្តការ វាយលុករបស់ខ្លួននៅតំបន់ហ្គាហ្សាស្ទ្រីប ដែលគ្រប់គ្រងដោយក្រុមហាម៉ាស។
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសឥណ្ឌា បានថ្កោលទោសសកម្មភាពរបស់អ៊ីរ៉ង់ ដោយនិយាយនៅក្នុងការបង្ហោះនៅលើវេទិកា X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter កាលពីថ្ងៃអាទិត្យថា “ការវាយប្រហារដោយញុះញង់របស់អ៊ីរ៉ង់ លើការដឹកជញ្ជូនអន្តរជាតិមិនគួរ មានការភ្ញាក់ផ្អើលនោះទេ” ។
យោងតាមក្រសួងការពារជាតិអាមេរិក និងឆ្មាំសមុទ្រឥណ្ឌា បានឲ្យដឹងថា នាវាដឹកប្រេង ដែលដឹកជនជាតិឥណ្ឌា ២០នាក់ និងវៀតណាមម្នាក់ បានចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារ ហើយកំពុងធ្វើដំណើរទៅកាន់ទីក្រុង Mangalore ភាគនិរតីនៃប្រទេសឥណ្ឌា ដោយពួកគេបានឲ្យដឹងថា គ្មានអ្នករងរបួសត្រូវបានគេរាយការណ៍នោះទេ ៕
ប្រែសម្រួល ឈូក បូរ៉ា