ព័ត៌មានអន្តរជាតិ

ក្រុមអ្នកបើកយន្តហោះ F-16 អ៊ុយក្រែន ក្រុមទី១ ​បញ្ចប់ការបណ្តុះបណ្តាល ជាមូលដ្ឋាន នៅចក្រភពអង់គ្លេស

រូបភាពពី៖​ AFP

គៀវ៖ ក្រសួងការពារជាតិអ៊ុយក្រែនបានឲ្យដឹង ក្រុមអាកាសយានិក F-16 របស់អ៊ុយក្រែន ក្រុមទីមួយបានបញ្ចប់ការហ្វឹកហ្វឺនជាមូលដ្ឋានរបស់ពួកគេក្រោមការងាររបស់សម្ព័ន្ធកងកម្លាំងអាកាសអន្តរជាតិ។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វគ្គបណ្តុះបណ្តាល ដែលបានចាប់ផ្តើមនៅក្នុងខែសីហា ត្រូវបានធ្វើឡើងនៅក្នុងចក្រភពអង់គ្លេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

បន្ទាប់ពីវគ្គនេះ អ្នកបើកយន្តហោះអ៊ុយក្រែន ៦នាក់ បានទៅប្រទេសដាណឺម៉ាក ដើម្បីរៀនអនុវត្តពីរបៀបហោះហើរយន្តហោះចម្បាំង F-16 ។ ទន្ទឹមនឹងនោះ អ្នកបើកយន្តហោះអ៊ុយក្រែន ១០នាក់ផ្សេងទៀតបានស្នាក់នៅក្នុងចក្រភពអង់គ្លេស ដើម្បីបន្តការបណ្តុះបណ្តាលការហោះហើរជាមូលដ្ឋានជាក់ស្តែង និងបង្កើនជំនាញវេជ្ជសាស្ត្រអាកាសចរណ៍របស់ពួកគេ។

កាល​ពី​ខែ​កក្កដា អ៊ុយក្រែន ​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​មួយ​ជាមួយ​ប្រទេស​ចំនួន ១១ ដើម្បី​បង្កើត​សម្ព័ន្ធ​សម្រាប់​ការ​បណ្តុះបណ្តាល​អ្នក​បើក​យន្តហោះ​អ៊ុយក្រែន​ឲ្យ​ហោះហើរ​យន្តហោះ​ចម្បាំង F-16។

កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោកបានសម្រេចចិត្តរៀបចំយន្តហោះ F-16 ដំបូងចំនួន ១៨ គ្រឿងសម្រាប់ដឹកជញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។

លោក Rutte បានកត់សម្គាល់ថា លក្ខណៈវិនិច្ឆ័យមួយចំនួនត្រូវតែបំពេញមុនពេលការបញ្ជូន F-16 ទៅអ៊ុយក្រែន អាចប្រព្រឹត្តទៅបាន រួមទាំងតម្រូវការ សម្រាប់បុគ្គលិក និងហេដ្ឋារចនាសម្ព័ន្ធ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top