ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសុខាភិបាល លើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធ លើកកម្ពស់សុខភាពផ្លូវចិត្ត និងបង្ការជំងឺផ្លូវចិត្ត

ភ្នំពេញ ៖ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកទឹកចិត្តមន្ដ្រីក្រោមឱវាទ មានកិច្ចសហការជាមួយស្ថាប័ននានា និងអង្គភាពពាក់ព័ន្ធ ដើម្បីលើកកម្ពស់សុខភាពផ្លូវចិត្ត និងបង្ការជំងឺផ្លូវចិត្ត ។

ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្តសុខភាពផ្លូវចិត្ត ឆ្នាំ២០២៣-២០៣២ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា «សុខភាពផ្លូវចិត្ត គឺជាសមាសធាតុមួយ ដ៏សំខាន់សម្រាប់សុខភាព របស់យើងទាំងអស់គ្នា ជាការទទួលខុសត្រូវ របស់យើងគ្រប់គ្នា ហើយក៏ជាធាតុផ្សំដ៏សំខាន់ សម្រាប់ធានាឱ្យធនធានមនុស្ស ដែលមានគុណភាពផងដែរ»។

លោករដ្ឋមន្រ្តី ក៏បានលើកឡើងនូវប្រវត្តិនៃសោកនាដកម្ម ដោយសារសង្គ្រាម ដែលបានធ្វើឱ្យប្រជាជនទូទៅទទួលរងនូវការប៉ះទង្គិចផ្លូវចិត្ត និងឱ្យមានការប៉ះពាល់ដល់មនុស្ស តជំនាន់ ដោយត្រូវយកចិត្តទុកដាក់ផ្នែកសុខភាពផ្លូវចិត្តថែមទៀត។

លោករដ្ឋមន្ដ្រី ស្នើឱ្យថ្នាក់ដឹកនាំ និងប្រតិបត្តិករថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវប្រើប្រាស់ផែនទីចង្អុលផ្លូវនេះដើម្បីកៀរគរថវិកាឱ្យមានភាពសមធម៌ ដើម្បីអនុវត្តផែនការរំកិល ៣ឆ្នាំ ផែនការប្រតិបត្តិប្រចាំឆ្នាំ និងអនុវត្តផែនការ ឱ្យមានប្រសិទ្ធភាព ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្ត បញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ។

លោក រដ្ឋមន្ដ្រី គូសបញ្ជាក់ថា លើកទឹកចិត្តឱ្យមានកិច្ចសហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ដើម្បីលើកកម្ពស់សុខភាពផ្លូវចិត្ត និងបង្ការជំងឺផ្លូវចិត្ត, គ្រឹះស្ថានបណ្តុះបណ្តាលសុខាភិបាល ត្រូវបង្កើតកម្មវិធីបណ្តុះបណ្តាល ឯកទេសជំងឺ ផ្លូវចិត្ត ជំនាញវេជ្ជសាស្រ្តសុខភាពផ្លូវចិត្ត និងវិទ្យាសាស្រ្ត នៃឥរិយាបថថ្មីៗ ថែមទៀតដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជន ព្រមទាំងត្រូវដាក់បញ្ចូលផ្នែកសុខភាពផ្លូវចិត្តសាធារណៈ ទៅក្នុងការបណ្តុះបណ្តាលពាក់ព័ន្ធនិងសុខភាពសាធារណៈ ដើម្បីបង្កើនចំណេះដឹង ស្តីពីសុខភាពសាធារណៈឱ្យបានគ្រប់ជ្រុងជ្រោយ។

លោករដ្ឋមន្ដ្រី បន្ថែមថា សេវាសុខាភិបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវពង្រីកសេវាថែទាំ និងព្យាបាលជំងឺផ្លូវចិត្ត ទាំងសេវាពិគ្រោះជំងឺផ្លូវចិត្ត និងសេវាព្យាបាលជំងឺផ្លូវចិត្តសម្រាកពេទ្យ ឱ្យកាន់ តែទូលំទូលាយ និងមានជម្រើសច្រើន យ៉ាងសម្រាប់ប្រជាជន ដើម្បីឈានទៅកាន់ការ គ្របដណ្តប់សុខភាពជាសកល ៕

To Top