សិង្ហបុរី៖ សមាជិកនាវិកចំនួន៨នាក់នៅលើទូកនេសាទរបស់ប្រទេសចិន បានបាត់ខ្លួន ក្រោយពីទូកបានលិច បន្ទាប់ពីបុកជាមួយនឹងនាវាដឹកប្រេងដែលមានទង់ជាតិសិង្ហបុរី នៅក្នុងដែនទឹករបស់ប្រទេសចិន ។
គួរបញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល១២និង១០នាទីព្រឹកម៉ោងនៅក្នុងប្រទេសសិង្ហបុរី នៅជិត ក្រុង Chegshan Jiao ក្នុងខេត្ត Shandong ភាគខាងជើងនៃប្រទេសចិន ។
អាជ្ញាធរកំពង់ផែសមុទ្រសិង្ហបុរី ហៅកាត់ថា (MPA) បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា នាវាដឹកប្រេងកំពុងធ្វើដំណើរចេញពី Penglai ឆ្ពោះទៅកាន់ Zhoushan នៅគ្រាដែលឧបទ្ទវហេតុបានកើតឡើង ។
តំបន់ Zhoushan ស្ថិតក្នុងខេត្ត Zhejiang ភាគខាងត្បូងឆ្ងាយពីទីក្រុង សៀងហៃ ។
នាវាដែលមានដោតទង់ជាតិសិង្ហបុរីឈ្មោះថា Pearl Kenzo បច្ចុប្បន្នកំពុងស្ថិតនៅ Shidao Anchorage និងជួយក្នុងការស៊ើបអង្កេតដោយអាជ្ញាធរចិន ។
អាជ្ញាធរ MPA បានឲ្យដឹងថា ករណីនេះត្រូវបានជូនដំណឹងដោយរដ្ឋបាលសុវត្ថិភាពដែនសមុទ្រចិនយ៉ាងដូច្នេះថា ទូកនេសាទនោះបានលិច ។
អាជ្ញាធរបានបញ្ជាក់បន្ថែមថា “អាជ្ញាធរចិន បានធ្វើប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា