ហ្គាហ្សា៖ ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា បានឲ្យដឹងថា ចំនួនអ្នកស្លាប់ប៉ាឡេស្ទីនដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ ២១,៨២២ នាក់ហើយ ៥៦,៤៥១នាក់បានរងរបួស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្ញើទៅកាន់ស៊ីនហួ លោក Ashraf Al-Qedra អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា កងទ័ពអ៊ីស្រាអែល បានសម្លាប់មនុស្ស ១៥០នាក់ និងរបួស ២៨៦នាក់ផ្សេងទៀត ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។
ទន្ទឹមនឹងនេះ ប្រភពប៉ាឡេស្ទីនបានប្រាប់កាសែតស៊ិនហួថា អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងកិច្ចការសាសនា និងជាគ្រូអធិប្បាយនៃវិហារអ៊ីស្លាម Al-Aqsa លោក Youssef Salama ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើផ្ទះរបស់លោកនៅក្នុងជំរុំជនភៀសខ្លួន Al-Maghazi នៅកណ្តាលតំបន់ហ្គាហ្សា ។
ប្រភពបានឲ្យដឹងថា យន្តហោះចម្បាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើផ្ទះរបស់លោក Sheikh Salama ដោយបានសម្លាប់រូបលោក និងធ្វើឲ្យសមាជិកគ្រួសារលោកមួយចំនួនទៀតរងរបួស។
ប្រភពបានបន្ថែមថា គ្រូពេទ្យម្នាក់ត្រូវបានសម្លាប់ ខណៈកំពុងធ្វើការនៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអែល លើជំរុំជនភៀសខ្លួន Nuseirat នៅកណ្តាលហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Avichay Adraee អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលបានឲ្យដឹងនៅលើគណនី X របស់លោកថា កងកម្លាំងអ៊ីស្រាអែល បន្តការប្រយុទ្ធនៅតំបន់ហ្គាហ្សា ហើយបានរារាំងគ្រឿងផ្ទុះដែលត្រៀមរួចជាស្រេច បំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៃបក្សពួកប៉ាឡេស្ទីន និងបានសម្លាប់ពួកសកម្មប្រយុទ្ធ ១៤ នាក់៕
ប្រែសម្រួល ឈូក បូរ៉ា