ព័ត៌មានអន្តរជាតិ

Update៖ គ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរ វាយប្រហារភាគកណ្តាលប្រទេសជប៉ុន បណ្តាលឲ្យស្លាប់មនុស្សតិចបំផុត ៤៨នាក់

រូបភាពពី៖​ AFP

WAJIMA៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ថា គ្រោះរញ្ជួយដីដ៏ខ្លាំងដែលបានវាយប្រហារប្រទេសជប៉ុន ចំថ្ងៃចូលឆ្នាំសកលបានសម្លាប់មនុស្សតិចបំផុត៤៨នាក់ ដោយក្រុមជួយសង្គ្រោះកំពុងតស៊ូក្នុងអាកាសធាតុត្រជាក់នៅថ្ងៃអង្គារនេះដើម្បីទៅដល់តំបន់លំបាកខ្លាំងដែលមនុស្សជាច្រើនភ័យខ្លាចថា ជាប់នៅខាងក្រោមអគារដែលដួលរលំ ។

លោក Masuhiro Izumiya អភិបាលក្រុង បានលើកឡើងថា នៅក្នុងទីក្រុង Suzu ដែលជាទីក្រុងឆ្នេរសមុទ្រដែលមានប្រជាជនរស់នៅជាង៥.០០០គ្រួសារនៅជិតចំណុចកណ្តាលនៃការរញ្ជួយដីនោះ គឺ៩០ភាគរយនៃផ្ទះអាចនឹងត្រូវបំផ្លាញ ។

លោកបានបញ្ជាក់ថា “ស្ថានការណ៍គឺមហន្តរាយ” ។

គ្រោះរញ្ជួយដីកម្រិតបឋមកម្រិត៧,៦រ៉ិចទ័របានវាយប្រហារកាលពីរសៀលថ្ងៃចន្ទ ដោយជំរុញឱ្យប្រជាជននៅតំបន់ឆ្នេរសមុទ្រភាគខាងលិចត្រូវភៀសខ្លួនទៅកាន់ទីទួលខ្ពស់ ខណៈដែលរលកយក្សស៊ូណាមិបានបោកបក់មកលើរថយន្ត និងផ្ទះបានរសាត់ចូលទៅក្នុងទឹក ។

យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងថា មានការរញ្ជួយដីប្រហែល២០០ដង ត្រូវបានគេរកឃើញចាប់តាំងពីការរញ្ជួយដីបានវាយប្រហារលើកដំបូងកាលពីថ្ងៃចន្ទ ដែលបានព្រមានថា គ្រោះរញ្ជួយដ៏ខ្លាំង អាចកើតឡើងបន្ថែមទៀតនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top