បរទេស៖ ទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA និង Tasnim របស់អ៊ីរ៉ង់ បានរាយការណ៍ថា នាវាពិឃាត Alborz របស់ប្រទេសអ៊ីរ៉ង់ បានឆ្លងកាត់ច្រកសមុទ្រ Bab-el-Mandeb ហើយបានចូលទៅក្នុង សមុទ្រក្រហមកាលពីថ្ងៃចន្ទ។ ការដាក់ពង្រាយនេះបានធ្វើឡើង បន្ទាប់ពីការជួបប្រទះគ្នាយ៉ាងខ្លាំងក្លា រវាងនាវាចម្បាំងអាមេរិក និងក្រុមសកម្មប្រយុទ្ធ ហួធី របស់យេម៉ែននៅក្នុងផ្លូវទឹកកាលពីថ្ងៃអាទិត្យ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមនិកាយស៊ីអ៊ីតដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់បានគ្រប់គ្រងតំបន់ជាច្រើននៃប្រទេសយេម៉ែន រួមទាំងរដ្ឋធានីសាណា និងកំពង់ផែ Al-Hudaydah ចាប់តាំងពីជម្លោះផ្ទៃក្នុងបានផ្ទុះឡើងក្នុងឆ្នាំ ២០១៤។ ក្នុងខែវិច្ឆិកា ក្រុមឧទ្ទាម ហួធី បានចាប់ផ្តើមវាយប្រហារលើនាវាពាណិជ្ជកម្មដែលឆ្លងកាត់សមុទ្រក្រហម ដែលពួកគេជឿថាជាកម្មសិទ្ធិរបស់អ៊ីស្រាអែល ឬធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល។ ក្រុមសកម្មប្រយុទ្ធអះអាងថា កំពុងធ្វើសកម្មភាពសាមគ្គីភាព ជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។
យោងតាមរបាយការណ៍របស់សារព័ត៌មាន IRNA កាលពីថ្ងៃច័ន្ទ គឺ នាវាពិឃាត Alborz ត្រូវបានដាក់ពង្រាយទៅកាន់ ផ្លូវទឹកដ៏សំខាន់ ដែលមានប្រហែល ១២ភាគរយ នៃពាណិជ្ជកម្មសកលទាំងអស់ ដោយសារតែ “ភាពតានតឹងកាន់តែខ្លាំងឡើង” ។
នៅល្ងាចថ្ងៃសៅរ៍ និងព្រឹកថ្ងៃអាទិត្យ នាវាពិឃាតរបស់អាមេរិក USS Eisenhower និង USS Gravely បានឆ្លើយតបទៅនឹងការអំពាវនាវដែលមានការព្រួយបារម្ភចំនួនពីរដោយកប៉ាល់ដឹកកុងតឺន័រ Maersk Hangzhou ដាក់ទង់សិង្ហបុរី ដែលជាកម្មសិទ្ធិ និងដំណើរការដោយប្រទេសដាណឺម៉ាក។ ការជួបគ្នាលើកទីពីរបានឃើញឧទ្ធម្ភាគចក្រអាមេរិកជាច្រើនគ្រឿងបើកការបាញ់ប្រហារលើទូកតូចៗចំនួនបួនដែលប្រើដោយក្រុមឧទ្ទាម ហួធី ។ ទូក៣គ្រឿងត្រូវបានបំផ្លាញ។ នេះបើតាមទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បាននិយាយនៅក្នុងការបង្ហោះនៅលើ X (អតីត Twitter) ៕
ប្រែសម្រួលៈ ណៃ តុលា
រូបភាព៖Afp