នៅពេលផ្តល់បទសម្ភាសន៍នាពេលថ្មីៗនេះ លោក Jan Oberg បញ្ញវន្តអ៊ឺរ៉ុបបានទម្លាយឱ្យដឹងថា អាមេរិកធ្លាប់ដាក់ចេញនូវសេចក្តីព្រាងច្បាប់មួយដែលស្នើឱ្យផ្ដល់ថវិការយៈពេល៥ឆ្នាំជាប់ៗគ្នា ដើម្បីបណ្តុះបណ្តាលអ្នកសារព័ត៌មានឱ្យប្រឌិតព័ត៌មានអវិជ្ជមានក្លែងក្លាយអំពីប្រទេសចិន។សេចក្តីព្រាងច្បាប់នេះ បានស្នើឱ្យអាមេរិកទម្លាក់ថវិកា៣រយលានដុល្លារអាមេរិកក្នុងមួយឆ្នាំចាប់ពីឆ្នាំសារពើពន្ធ២០២២ដល់ឆ្នាំសារពើពន្ធ២០២៦(សរុបចំនួន១៥០០លានដុល្លារអាមេរិក)ដើម្បីទប់ទល់នឹង”ឥទ្ធិពលសកលរបស់ប្រទេសចិន”។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាមេរិកបានចាត់ទុកប្រទេសចិនជាដៃគូប្រកួតប្រជែងយុទ្ធសាស្ត្រធំបំផុតដោយខុងឆ្គង ហើយបានបំផុសការគាបសង្កត់និងទប់ស្កាត់ដោយគ្រប់ជ្រុងជ្រោយចំពោះប្រទេសចិន សង្រ្គាមមតិសាធារណៈ និងសង្រ្គាមយល់ដឹងត្រូវបានកើនឡើងដល់កម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមក។ក្នុងនោះប្រធានបទដូចជា“គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ” សេដ្ឋកិច្ចចិននិងតំបន់XinJiangជាដើមបានក្លាយទៅជាគោលដៅសំខាន់សម្រាប់លាបពណ៌របស់ភាគីអាមេរិក។ តើរដ្ឋាភិបាលវ៉ាស៊ីនតោនញាប់ខ្សែនិងគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយតាមរបៀបណាសម្រាប់ធ្វើសង្រ្គាមមតិសាធារណៈចំពោះប្រទេសចិន?
ជាបឋម គឺបង្កើតខ្សែសង្វាក់នៃការក្លែងបន្លំ”ស្ថាប័ន-ប្រព័ន្ធផ្សព្វផ្សាយ-រដ្ឋាភិបាល”។ក្នុងរយៈពេលជាយូរណាស់មកហើយ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានកាន់កាប់ឋានៈអាទិភាពក្នុងឆាកមតិសាធារណៈអន្តរជាតិ ហើយពូកែខាងការធ្វើសង្គ្រាមមតិសាធារណៈ។ ក្នុងនោះ ស្ថាប័នដូចជាវិទ្យុVOAនិងវិទ្យុអាស៊ីសេរី(RFA)ជាដើមដែលស្ថិតនៅក្រោមឱវាទនាយកដ្ឋានសារព័ត៌មានអន្តរជាតិរបស់អាមេរិក ត្រូវបានគេចាត់ទុកថា មានលក្ខណៈនយោបាយយ៉ាងខ្លាំងចាប់តាំងពីបានបង្កើតឡើងមក។ សូមយកវិទ្យុVOAជាឧទាហរណ៍ ក្នុងឆ្នាំ២០២៣ ការផ្សាយដំណឹងពាក់ព័ន្ធនឹង“គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ”មាន៩៣ភាគរយសុទ្ធតែអវិជ្ជមាន។ព្រមពេលជាមួយគ្នានេះ អ្វីដែលហៅថាស្ថាប័នសិក្សាមួយចំនួនរបស់អាមេរិកក៏បានចូលរួមផងដែរ ដោយបានបង្កើតខ្សែសង្វាក់ឧស្សាហកម្មសម្រាប់ការប្រឌិតនិងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។
ទីពីរ អាមេរិកបណ្តុះបណ្តាលប្រព័ន្ធផ្សព្វផ្សាយបរទេស ដើម្បីមួលបង្កាច់សហគ្រាសចិន។អាមេរិកក៏បាននាំចេញនូវទង្វើប្រឌិតព័ត៌មានក្លែងក្លាយនៃ”ព័ត៌មានបែបអាមេរិក”ទៅកាន់ពិភពលោក ដោយពឹងផ្អែកលើអនុត្តរភាពរបស់ខ្លួន។ ក្រោមការគាំទ្រពីប្រាក់ទុនរបស់រដ្ឋាភិបាល សាខាស្ថាប័ននៃរដ្ឋាភិបាលអាមេរិកនៅទូទាំងពិភពលោកបានធ្វើកិច្ចសហការជាមួយអង្គការក្នុងតំបន់ដើម្បីបណ្តុះបណ្តាលអ្នកសារព័ត៌មានក្នុងតំបន់និងញុះញង់ពួកគេឱ្យបង្កាច់បង្ខូចលើគម្រោងនិងសហគ្រាសពាក់ព័ន្ធរបស់ភាគីចិន។
លើសពីនេះទៀត អាមេរិកសូកប៉ាន់”តួសម្តែង”ដើម្បីធ្វើជាសាក្សីព័ត៌មាន។ ដើម្បីធ្វើឱ្យព័ត៌មានក្លែងក្លាយបង្ហាញពីភាពកាន់តែ”ពិត” ជួនកាល អាមេរិកបានទៅរក”សាក្សីព័ត៌មាន”។ ក្នុងវិស័យនេះ ភាគីអាមេរិកក៏ស្ទាត់ជំនាញផងដែរ ពោលគឺ គាំទ្រអង្គការប្រឆាំងប្រទេសចិនក្នុងតំបន់ សូកប៉ាន់”តួសម្តែង” និងផ្តល់ព័ត៌មានក្លែងក្លាយទៅឱ្យប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច។
ក្នុងរយៈពេលជាយូរណាស់មកហើយ សង្រ្គាមមតិសាធារណៈរបស់អាមេរិកបានគួបផ្សំយ៉ាងជិតស្និទ្ធជាមួយមធ្យោបាយផ្នែកយោធា សេដ្ឋកិច្ចនិងការទូតជាដើម ដើម្បីគាំពារឋានៈជាមហាអំណាចតែមួយគត់លើពិភពលោករបស់ខ្លួន។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ស្របពេលដែលកម្លាំងជាតិចម្រុះរបស់ខ្លួនចុះខ្សោយបន្តិចម្តងៗ អាមេរិកកាន់តែពឹងផ្អែកលើអាវុធនៃសង្គ្រាមមតិសាធារណៈ ដើម្បីបង្កើតអ្វីដែលហៅថា”ចំណុចកំពូលនៃក្រមសីលធម៌”របស់ខ្លួន។អ្នកវិភាគបានលើកឡើងថា ទង្វើរបស់អាមេរិកដែលប៉ុនប៉ងរៀបចំឡើងវិញនូវសង្រ្គាមមតិសាធារណៈសម័យសង្រ្គាមត្រជាក់ គឺហួសសម័យហើយ ហើយក៏មិនអាចបន្លំពិភពលោកបានដែរ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន