ព័ត៌មានជាតិ

ពាក្យយុត្តិធម៌ ឬអយុត្តិធម៌ មិនចំណុះលើការលើកឡើងរបស់ភាគីណាមួយនោះទេ គឺចំណុះលើអង្គហេតុ អង្គច្បាប់ និងភស្តុតាង

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានពន្យល់ថា ពាក្យយុត្តិធម៌ ឬអយុត្តិធម៌ មិនចំណុះទៅលើការលើកឡើង របស់ភាគីណាមួយនោះទេ គឺចំណុះទៅអង្គហេតុ អង្គច្បាប់ និងភស្ដុតាង ។

ក្នុងសន្និសីទសារព័ត៌មាន ប្រកាសដាក់ចេញនូវយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ លោក ឧបនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ខ្ញុំ សូមបញ្ជាក់ជូនថា កន្លងទៅ មានបងប្អូនខ្លះ គាត់ទទួលរងភាពអយុត្តិធម៌ គាត់បានបង្ហោះសារក្នុងបណ្ដាញសង្គម ពេលខ្លះគាត់ព្យាយាមរកច្រក ដើម្បីទាមទាររកយុត្តិធម៌ ទៅគ្រប់ទីកន្លែងទាំងអស់ ដែលបាននាំរឿងទាំងអស់នោះ ជូនមកដល់យើងខ្ញុំ ឬស្ថាប័នអនុវត្តដែលមានការពាក់ព័ន្ធ ហើយយើងយករឿងនោះ មកត្រួតពិនិត្យ» ។

លោក ឧបនាយករដ្ឋមន្ដ្រី បញ្ជាក់ជាថ្មីថា កាលណានិយាយពីរឿងក្ដី គឺមានភាគីយ៉ាងតិតចំនួន២ ហើយកាលណាមានភាគីយ៉ាងតិត ចំនួន២ ហើយ ភាគីនីមួយៗ គឺការពារផលប្រយោជន៍រៀងៗខ្លួន។ លោក គូសបញ្ជាក់ថា ភាគីនីមួយៗ គិតថា ប្រសិនបើប៉ះពាល់ផលប្រយោជន៍របស់ពួកគាត់ គឺជារឿងអយុត្តិធម៌សម្រាប់គាត់។

លោក ឧបនាយករដ្ឋមន្ដ្រី បញ្ជាក់ទៀតថា «ដូច្នេះ ខ្ញុំ ចង់បញ្ជាក់ថា ពាក្យថាយុត្តិធម៌ ឬអយុត្តិធម៌ វាមិនចំណុះ ទៅលើការលើកឡើង របស់ភាគីណាមួយនោះទេ គឺវាចំណុះទៅអង្គហេតុ វាចំណុះទៅលើអង្គច្បាប់ វាចំណុះទៅលើភស្ដុតាង»

លោក ឧបនាយករដ្ឋមន្ដ្រី បន្ដថា ដូច្នេះតាមរយៈយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី មួយនេះ គឺត្រូវបើកច្រកជាផ្លូវការមួយ ជូនទៅដល់ប្រជាពលរដ្ឋ ដែលយល់ឃើញថា ពួកគាត់ទទួលរងភាពអយុត្តិធម៌។ តើគាត់ពិតជារងភាពអយុត្តិធម៌ តាមផ្លូវច្បាប់មែនដែរឬទេ ៕

To Top