សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដើម្បីកំណត់ប្រទេសកូរ៉េខាងត្បូងថាជា “សត្រូវចម្បង និងជាសត្រូវចម្បងដែលមិនអាចផ្លាស់ប្តូរបាន” ដោយសភាកំពូលសម្រេចលុបចោលអង្គភាព ដែលលើកកម្ពស់កិច្ចសន្ទនាជាមួយកូរ៉េខាងត្បូង។
នៅក្នុងសុន្ទរកថាមួយនៅក្នុងសម័យប្រជុំនៃសភាប្រជាជនកំពូលកាលពីថ្ងៃចន្ទ លោក គីម បានឲ្យដឹងថា ប្រទេសរបស់លោកមិនគួរហៅប្រជាជនកូរ៉េខាងត្បូងថាជា “ជនរួមជាតិ” ហើយច្បាប់កំពូលគួរតែអំពាវនាវឱ្យមានការអប់រំខ្លាំងឡើងដើម្បីផ្សព្វផ្សាយគំនិតថាពួកគេជាសត្រូវ។
មេដឹកនាំរូបនេះបានលើកឡើងថា ការកែប្រែរដ្ឋធម្មនុញ្ញគួរត្រូវពិភាក្សានៅក្នុងសម័យប្រជុំសភាបន្ទាប់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ការលើកឡើងរបស់លោកត្រូវបានធ្វើឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅឧបទ្វីបកូរ៉េ។ ថ្មីៗនេះ ទីក្រុងព្យុងយ៉ាង បានបាញ់កាំភ្លើងធំមួយគ្រាប់នៅជិតព្រំដែនសមុទ្រខាងលិចដែលមានជម្លោះជាមួយកូរ៉េខាងត្បូង បន្ទាប់មកទីក្រុងសេអ៊ូលបានធ្វើសមយុទ្ធយោធាជាការសងសឹក។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានរិះគន់ចំណាត់ការរបស់កូរ៉េខាងជើង ក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារនេះ ដោយថាការកំណត់កូរ៉េជាអរិភាព ចំពោះគ្នាទៅវិញទៅមកបង្ហាញពីធម្មជាតិ “ប្រឆាំងជាតិ និងប្រវត្តិសាស្ត្រ” របស់ទីក្រុងព្យុងយ៉ាង។
លោក គីម ក៏បានឲ្យដឹងផងដែរថា ទីក្រុងព្យុងយ៉ាង អាចបញ្ជាក់នៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន “បញ្ហានៃការកាន់កាប់ គ្រប់គ្រង និងទាមទារមកវិញទាំងស្រុង” កូរ៉េខាងត្បូង និងបញ្ចូលវាជាផ្នែកមួយនៃទឹកដីកូរ៉េខាងជើង ក្នុងករណីសង្រ្គាមផ្ទុះឡើងនៅលើឧបទ្វីបកូរ៉េ៕
ប្រែសម្រួល ឈូក បូរ៉ា