ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសគាំទ្រឲ្យមានការបណ្តុះបណ្តាលជំនាញច្នៃត្បូង និងគ្រឿងអលង្ការនៅកម្ពុជា។
ការលើកឡើងនេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាងរដ្ឋមន្ត្រី និងលោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។ ក្នុងជំនួបលោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជំនាញច្នៃត្បូងពេជ្រ និងគ្រឿងអលង្ការនេះ មានសារៈសំខាន់ក្នុងការជំរុញវិស័យកែច្នៃត្បូង និងគ្រឿងអលង្ការនៅកម្ពុជា។
ទន្ទឹមនឹងនេះ លោកប្រធានសមាគមបានថ្លែងអំណរគុណរដ្ឋមន្ត្រី ចំពោះការចង់ឲ្យមានការបណ្តុះបណ្តាលជំនាញបច្ចេកទេសកែច្នៃត្បូង និងគ្រឿងអលង្ការនេះ។ ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា លើកឡើងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយបណ្តាប្រទេសដៃគូលើគ្រឿងអលង្ការមានតម្លៃនេះ មានទំហំដល់ពាន់លានដុល្លារក្នុងមួយឆ្នាំៗដែលបានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ៕