ព័ត៌មានអន្តរជាតិ

អត្ថាធិប្បាយ ៖ ទទួលយកគោលការណ៍ចិន តែមួយ គឺជាការរួមដៃគ្នា ក្នុងការពង្រឹងការ អភិវឌ្ឍសន្តិភាព

«ឈរលើមូលដ្ឋាន នៃគោលការណ៍ចិនតែមួយ» ជាសម្រេចចិត្តលេខ ២៧៥៨ របស់មហាសន្និបាតអង្គការ សហប្រជាជាតិ ដែលបានផ្តល់ជាទឡ្ហីករណ៍ ដល់សហគមន៍អន្តរជាតិ មានយោបល់ឯកភាពរួមគ្នាថា សាធារណរដ្ឋប្រជាមានិតចិនគឺជារដ្ឋាភិបាលស្របច្បាប់ តែមួយគត់តំណាងប្រជាជនចិន ហើយកោះតៃវ៉ាន់ គឺជាដែនដីដែលមិនអាច បំបែកបានរបស់ប្រទេសចិន ។
កម្លាំងនិងសកម្មភាពទាំងឡាយណាដែលបំបែកបំបាក់ប្រទេសចិនដើម្បីលេងឧបាយកលនយោបាយ និងបង្កើត «ចិនពីរ» ឬ «ចិនមួយ តៃវ៉ាន់មួយ» ជំរុញឲ្យមានអរិភាព និង ការប្រឈមមុខដាក់គ្នានៅច្រកសមុទ្រតៃវ៉ាន់ គឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិនយ៉ាងកម្រោល ដោយធ្វើឲ្យប៉ះពាល់ ដល់អធិបតេយ្យភាព និងបូរណភាពដែនដី ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ទ្វីប និងពិភពលោកផងដែរ។ ក្នុងន័យនេះ ទង្វើបែបនេះនឹងមិនមាននាំមក ប្រយោជន៍អ្វីនោះទេ មានតែគ្រោះមហន្តរាយ ដល់មនុស្សជាតិ ហើយដែល សហគមន៍អន្តរជាតិ ត្រូវរួមសាមគ្គី ជាធ្លុងមួយជាមួយចិន ដើម្បីប្រឆាំងដាច់ខាត នឹងសកម្មភាព ដែលគ្មានគុណតម្លៃដល់សន្តិភាព របស់ពិភពលោក ។ ជាក់ស្តែង ពាក់ព័ន្ធនឹងបច្ចុប្បន្នភាព ស្ថានការណ៍ នយោបាយ នៅតៃវ៉ាន់ អ្នកនាំពាក្យ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានគូសបញ្ជាក់សាជាថ្មី អំពីការប្រកាន់ ខ្ជាប់យ៉ាងម៉ឺងម៉ាត់ របស់កម្ពុជា ចំពោះ «គោលនយោបាយចិនមួយ» ដោយទទួលស្គាល់ សាធារណរដ្ឋប្រជាមានិតចិន ជាអាជ្ញាធរស្របច្បាប់តែមួយគត់ ដែលតំណាង ឱ្យប្រទេសចិនទាំងមូល។ មួយវិញទៀត កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ការសម្រេចចិត្ត របស់ប្រទេស Nauru ក្នុងការស្តារ ទំនាក់ទំនងការទូត ជាមួយប្រទេសចិន ដោយឈរ លើគោលការណ៍ចិនតែមួយ គឺជាសេចក្តីប្រាថ្នារបស់មនុស្សជាតិ ហើយក៏ជាការបើកទំព័រថ្មី នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសចិន និងប្រទេស Nauru។

«ឈរលើមូលដ្ឋាននៃគោលការណ៍ចិនតែមួយ» ជាបុរេលក្ខខណ្ឌដ៏ចម្បង នៅក្នុងការគោរពតាមគោលការណ៍ច្បាប់របស់អង្គការសហប្រជាជាតិ និងគាំទ្រយ៉ាងម៉ឺងម៉ាត់ ក្នុងការគាំពារ អធិបតេយ្យភាព បូរណភាពទឹកដី និងគាំទ្រ បុព្វហេតុបង្រួបបង្រួម ជាតិ របស់ប្រទេសចិន ស្របតាមគោលដៅប្រចាំ សតវត្សរ៍ ដំណាក់កាលទីពីរក្នុង ការស្តារភាព អស្ចារ្យឡើងវិញរបស់ប្រជាជាតិចិន ដោយជំរុញនិងលើកទឹកចិត្ត ដល់ប្រជាជាតិចិនរស់នៅតៃវ៉ាន់ ប្រញាប់វិលត្រឡប់ឱ្យកាន់តែឆាប់ចូលមករួមរស់ជាមួយមាតុភូមិវិញ ដើម្បីពង្រីកល្បឿន នៃការអភិវឌ្ឍប្រទេសចិន និងជំរុញល្បឿនអភិវឌ្ឍដល់ បណ្តាប្រទេសនានា នៅក្នុងពិភពលោក ស្របតាមតួនាទីដ៏សកម្មរបស់ប្រទេសចិន ក្នុងចរន្តនៃវឌ្ឍនភាពសេដ្ឋកិច្ចសកល ។ ការវិលត្រឡប់របស់តៃវ៉ាន់ ស្របតាមកម្លាំងគាំទ្រ របស់សហគមន៍ អន្តរជាតិនឹងនាំមកនូវភាពចម្រុងចម្រើនដល់ប្រជាជាតិចិន និងសំណាងល្អដល់មនុស្សជាតិ ទាំងអស់នៅ ក្នុងពិភពលោក ហើយជាពិសេសបង្រួញពេលកាន់ តែឆាប់ដល់ការស្តារភាពអស្ចារ្យឡើងវិញ នៃប្រជាជាតិចិន ដែលបានផ្សារភ្ជាប់ យ៉ាងជិតស្និទ្ធ ទៅនឹងអនាគត និងជោគវាសនារបស់ជនរួមឈាមរបស់ខ្លួន។

«ឈរលើមូលដ្ឋាននៃគោលការណ៍ចិនតែមួយ» ជាការគូសបញ្ជាក់ដោយបន្ត នូវការអនុវត្តគោលនយោបាយ «ប្រទេសមួយ របបគ្រប់គ្រងពីរ» ដើម្បីអភិបាលលើដែនដីតៃវ៉ាន់ ដូចដែនដីកោះហុងកុងនិងកោះម៉ាកាវនាពេលបច្ចុប្បន្នដែលកំពុងទទួលបាននូវភាពរីកចម្រើនយ៉ាងខ្លាំងក្លាផ្នែកសេដ្ឋកិច្ច ហើយប្រជាជនចិនកំពុងរស់យ៉ាងសុខដុម នៅក្នុងវិបុលភាព ព្រមទាំងកំពុងបន្តយ៉ាងសកម្ម នូវឫទ្ធានុភាពនៃអរិយធម៌ដ៏ភ្លឺស្វាង ជាង៥០០០ឆ្នាំ របស់ប្រជាជាតិចិនទៀតផង ។ កម្លាំងសហគមន៍ អន្តរជាតិកាន់តែច្រើន លើសលុបដែលបាននិងកំពុងទះដៃ អបអរសាទរដំណើរវិល ត្រឡប់របស់តៃវ៉ាន់ មកកាន់មាតុភូមិវិញ គឺជាសក្ខីភាព យ៉ាងប្រត្យក្សដែលបានរំលេចពីអំណានយ៉ាងត្រឹមត្រូវ លើសច្ចធម៌ប្រវត្តិសាស្រ្តពីដែនដី តៃវ៉ាន់ដែលជាដែនដី មិនអាចបំបែកចេញបានឡើយពីប្រទេសចិន ។ តាមរយៈមេរៀនប្រវត្តិសាស្ត្រ របស់ប្រទេសចិននិយាយដោយឡែក ប្រវត្តិសាស្រ្តសកលនិយាយរួម មនុស្សជាតិនៅក្នុងពិភពលោក នឹងមានអារម្មណ៍ដក់ជាប់យ៉ាងជ្រាលជ្រៅថា តៃវ៉ាន់ជាដែនដី មិនអាចបំបែកបានឡើយពីប្រទេសចិន ហើយការវិលចូលមក រួមរស់ជាមួយមាតុភូមិវិញ ជាគំរូភាពដ៏ល្អ ប្រពៃនៃការរួមកម្លាំងក្នុងនាមជាប្រជាជាតិតែមួយ ជាសាច់សារលោហិតរួមប្រវត្តិសាស្រ្ត និងជាកម្លាំងរួមជាមួយ សហគមន៍អន្តរជាតិក្នុងកិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិសំដៅថែរក្សាបានសន្តិភាពនិងការអភិវឌ្ឍ។
ជារួម ក្នុងដំណើរឆ្ពោះទៅសម្រេច បាននូវការស្តារភាពអស្ចារ្យឡើងវិញ របស់ប្រជាជាតិចិនដោយមិនអាចអវត្តមាន នៃការវិលត្រឡប់របស់កោះតៃវ៉ាន់ មកកាន់មាតុភូមិ បាននឹងនាំក្តីសុបិន របស់ជនជាតិចិន ខិតជិតជាងមុនក្តីរំពឹងលើគោលដៅប្រចាំ សតវត្សរ៍លើកទី២ ។ លើសពីនេះ ឆ្នាំ២០២៤ ដែលជាខួប៧៥ឆ្នាំ នៃថ្ងៃបង្កើត សាធារណរដ្ឋប្រជាមានិតចិន ប្រទេសទាំងអស់ នៅលើពិភពលោក កំពុងត្រៀមខ្លឹមសារក្នុងលិខិត ជូនពរជ័យដល់ «គោលការណ៍ចិនតែមួយ» ដើម្បីទទួលស្គាល់សច្ចភាពនៃប្រវត្តិសាស្រ្តរបស់មនុស្សជាតិ និងគោរពយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព បូរណភាពដែនដី ឯករាជ្យភាព របស់ប្រទេសចិន ព្រមទាំងរួមកម្លាំង ជាមួយចិនបន្ថែម កម្រិតល្បឿន កាន់តែលឿន ដល់ការអភិវឌ្ឍ សកលបន្ស៊ី ជាមួយគំនិតផ្តួចផ្តើម ទាំង៤របស់ប្រទេសចិន ស្របតាមប្រាជ្ញាចិន ក្នុងកិច្ចកសាងសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ ដែលជាសេចក្តីប៉ងប្រាថ្នារួមរបស់មនុស្សជាតិ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិសមាជិកគណៈប្រតិបត្តិ សមាគមមិត្តភាពកម្ពុជា-ចិន

To Top