ព័ត៌មានជាតិ

សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ លើកម្រាលព្រំក្រហម នៅទឹកដីទ្វីបអឺរ៉ុប

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ក្នុងដំណើរ ទស្សនកិច្ចផ្លូវការ នៅប្រទេសបារាំង ក្នុងសប្តាហ៍នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំកិត្តិយសដ៏ត្រចះត្រចង់និងផលប្រយោជន៍យ៉ាងធំធេង ជូនប្រទេសជាតិនិងប្រជាពលរដ្ឋ។

តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក នាថ្ងៃទី២០ មករានេះ លោក ប៉ែន បូណា បានមានប្រសាសន៍ថា ប្រមុខដឹកនាំ រាជរដ្ឋាភិបាល បន្តវេននៃកម្ពុជា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ លើកម្រាលព្រំក្រហម ប្រកបដោយកិត្តិយស ពីសំណាក់ប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ក៏ដូចប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីបារាំង ក្នុងឋានៈជាភ្ញៀវទស្សនកិច្ចកម្រិតខ្ពស់ ដែលទទួលការអញ្ជើញ ដោយផ្ទាល់ពីឯកឧត្តម ប្រធានាធិបតី។

លោកបន្តថា ដំណើរទស្សនកិច្ចនេះ បានលើកកម្ពស់ទំនាក់ទំនង ប្រទេសទាំងពីរ ឱ្យកាន់តែមានលក្ខណៈស៊ីជម្រៅ ថែមមួយកម្រិតទៀត។ សូមកត់សម្គាល់ថា បារាំងគឺ ជាប្រទេសដ៏មានឥទ្ធិពលបំផុតមួយនៅអឺរ៉ុប។ ដូច្នេះ ភាពស៊ីជម្រៅនៃចំណង ទាក់ទងកម្ពុជាបារាំងនឹងជះឥទ្ធិពលទៅលើទំនាក់ទំនងកម្ពុជា និងសហភាពអឺរ៉ុបទាំងមូល។ នេះគឺជាជំហានការទូត ដ៏សំខាន់មួយទៀត នៃទំនាក់ទំនងកម្ពុជាបារាំង (និយាយដោយឡែក) និងកម្ពុជា-អឺរ៉ុប (និយាយជារួម) ក្នុងយុគសម័យសម្តេចធិបតី ហ៊ុន ម៉ាណែត។

លោកថ្លែងថា នៅលើទិដ្ឋភាព សេដ្ឋកិច្ចវិញ គ្រាន់តែឈានជើងជាន់ទឹកដីបារាំងភ្លាម មេដឹកនាំវ័យក្មេងដ៏សកម្ម របស់កម្ពុជាបានទទួលជួបថ្នាក់ដឹក នាំក្រុមហ៊ុនធំៗ របស់បារាំងរហូតដល់ជាង១០ក្រុមហ៊ុន ក្នុងនោះក៏មានការ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនបារាំងចំនួន៦ផងដែរ។ នៅឯប្រទេសស្វីស ក្រៅពីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក សម្តេចធិបតី ក៏បានទទួលជួបក្រុមហ៊ុនធំៗ នៅអឺរ៉ុបចំនួន៩បន្ថែមទៀត ដែលសរុបទៅមានក្រុមហ៊ុន អឺរ៉ុបមិនតិចជាង២០ទេ ដែលសម្តេចធីបតីទទួលជួប ទល់មុខដោយមិនរាប់បញ្ចូល ជំនួបក្នុងវេទិកាធុរកិច្ចកម្ពុជា-អឺរ៉ុប ដែលមានក្រុមហ៊ុនរាប់រយចូលរួមនោះផងទេ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ គូសបញ្ជាក់ថា លទ្ធផលដ៏ត្រចះត្រចង់នេះមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែ វាគឺជាស្នាដៃរួមគ្នា ដែលសាងឡើងដោយមេដឹកនាំជំនាន់ទី១ គឺសម្តេចតេជោ ហ៊ុន សែន និងសមត្ថភាព ដ៏ប៉ិនប្រសប់របស់មេដឹកនាំជំនាន់ទី២ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត។ មេដឹកនាំចាស់ពូកែកសាងស្នាដៃ ខណៈអ្នកដឹកនាំថ្មីពូកែថែរក្សា ពូនជ្រុំ និងពង្រីកបន្ថែម។ លោកថា នេះគឺជាចំណុចខ្លាំងរបស់កម្ពុជាដែលជាចលករ លើកស្ទួយកិត្យានុភាព និងមោទនភាពជាតិខ្មែរ ឱ្យខ្ពស់ត្រដែត លើឆាកអន្តរជាតិ និងដែលផ្តល់ភាព ស័ក្តិសម សម្រាប់ប្រធានាធិបតី នាយករដ្ឋមន្ត្រី ក៏ដូចជាប្រធានព្រឹទ្ធសភានិងរដ្ឋសភាបារាំង ក្នុងការទទួលប្រមុខដឹកនាំកម្ពុជា លើកម្រាលព្រំក្រហម នៅលើទឹកដីនៃទ្វីបអឺរ៉ុប ៕

To Top