បរទេស៖ រដ្ឋមន្ត្រីការពារជាតិស្លូវ៉ាគីថ្មី លោក Robert Kalinak បាននិយាយថា ជំនួយយោធាជាបន្តបន្ទាប់របស់ស្លូវ៉ាគី ដល់អ៊ុយក្រែន ក្រោមរដ្ឋាភិបាលមុន បានធ្វើឱ្យស្ថានភាពការពារជាតិ របស់ប្រទេសនេះដុនដាបធ្ងន់ធ្ងរ ជាច្រើនឆ្នាំ ដែលបច្ចុប្បន្ននេះ ចាំបាច់ត្រូវការដោះស្រាយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិស្លូវុគី ដែលបានចូលកាន់តំណែងកាលពីខែតុលា ក្រោមរដ្ឋាភិបាលថ្មីដែលដឹកនាំ ដោយនាយករដ្ឋមន្ត្រី Robert Fico បានចោទប្រកាន់អ្នកកាន់ តំណែងមុនរបស់លោកថា បានប្រគល់ផ្នែករឹងយោធាសំខាន់ៗ ទៅកាន់អ៊ុយក្រែនដោយមិនបានរៀបចំ ផែនការណាមួយដើម្បីធានា ជំនួសសព្វាវុធទាំងនោះមកវិញ។ លោក Kalinak បានប្រាប់កាសែត Standard កាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងការពារជាតិត្រូវបានគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាពដោយ “មនុស្សដែលមានគុណភាពដូចជាសត្វសុនខ ជាជាងឱ្យទៅសត្វចចក” ។
លោក Kalinak បាននិយាយទៀតថា “អតីតរដ្ឋាភិបាលបានចាកចេញពី ពួកយើងដោយគ្មានប្រព័ន្ធការពារប្រឆាំង យន្តហោះផ្ទាល់ខ្លួនរបស់យើង ដោយគ្មានប្រព័ន្ធប្រយុទ្ធដែនអាកាស ហើយយើងក៏មិនមានការសន្យាលុយចំនួន ៧០០ លានសម្រាប់យន្តហោះចម្បាំ MiGs ដែលរដ្ឋាភិបាលបានប្រគល់ឱ្យអ៊ុយក្រែនផងដែរ” ។
ឥឡូវនេះ ប្រទេសនេះ (ស្លូវ៉ាគី) កំពុងស្វែងរកការចរចាជាមួយ “ដៃគូ” របស់ខ្លួនដើម្បីធានាថា “ការការពារដែនអាកាសរបស់ ប្រទេសស្លូវ៉ាគីនឹងត្រូវបានផ្តល់ ដោយសម្ព័ន្ធមិត្តណាតូ” ។ លោក Kalinak បានព្រមានថា ប្រទេសនេះឥឡូវនេះកំពុងប្រថុយ ដោយគ្មានប្រព័ន្ធការពារដែនអាកាស ដោយប្រព័ន្ធប្រឆាំងយន្តហោះ Patriot របស់អាមេរិកបានដកខ្លួនចេញពីដី របស់ខ្លួននៅចុងឆ្នាំ២០២៣ ខណៈពេលដែលប្រព័ន្ធ SAMP/T របស់អ៊ីតាលី នៅស្លូវ៉ាគី ក៏អាចនឹងបញ្ចប់នៅឆ្នាំនេះផងដែរ ៕
ប្រែសម្រួលៈ ណៃ តុលា