ព័ត៌មានអន្តរជាតិ

ជប៉ុនចុះកុងត្រា ទិញមីស៊ីល Tomahawk ចំនួន៤០០ដើមពីអាមេរិក

Kyodo

បរទេស ៖ ប្រទេសជប៉ុន បានចុះហត្ថលេខា លើកិច្ចសន្យាជាមួយ សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីទិញមីស៊ីលឆ្លងទ្វីប Tomahawk សម្រាប់ជាផែនការ ដោយជប៉ុនស្វែងរកការទទួល បានសមត្ថភាពក្នុងការវាយប្រហារទឹកដី របស់សត្រូវជាមួយប្រទេសចិន និងកូរ៉េខាងជើង។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្រោមកិច្ចព្រមព្រៀង ដែលរៀបចំតាមរយៈកម្មវិធីលក់ ឱ្យយោធាបរទេស របស់ទីក្រុងវ៉ាស៊ីនតោន, ប្រទេសជប៉ុននឹង ចំណាយប្រាក់សរុបប្រហែល ២៥៤ ពាន់លានយ៉េន (១,៧ ពាន់លានដុល្លារ) ដើម្បីទិញមីស៊ីល Tomahawks រហូតដល់ ៤០០ដើម និងឧបករណ៍ពាក់ព័ន្ធផ្សេងទៀត។ យោងតាមក្រសួងការពារជាតិបានឱ្យដឹងថា ការទូទាត់នឹងមានរយៈពេល ៣ ឆ្នាំចាប់ពីសារពើពន្ធ ២០២៥ ដោយចាប់ពីខែមេសាឆ្នាំក្រោយ ។

ដំបូងឡើយ ប្រទេសជប៉ុនមានគម្រោងក្នុងការទទួលបានមីស៊ីល Tomahawk Block-5 ចុងក្រោយបំផុតក្នុងឆ្នាំសារពើពន្ធ ២០២៦ និង ២០២៧ ហើយដាក់ពង្រាយវានៅលើនាវាពិឃាត Aegis កងកម្លាំងស្វ័យការពារដែន សមុទ្ររបស់ខ្លួន។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុន លោក Rahm Emanuel បាននិយាយថា កងកម្លាំងរបស់អាមេរិក នឹងចាប់ផ្តើមផ្តល់ការបណ្តុះបណ្តាល សម្រាប់កងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុន ដើម្បីប្រើប្រាស់មីស៊ីល Tomahawks “នៅដើមខែមីនា”៕
ប្រែសម្រួលៈ ណៃ តុលា

To Top