ព័ត៌មានជាតិ

លោកខូយ រីដា និង លោកគន់ គីម ចុះត្រួតពិនិត្យការស្ថាបនា ការដ្ឋានសាងសង់ ទំនប់ច្រាំងស្ទឹង ការពារទឹកជំនន់ នៅស្រុកកណ្តៀង

ពោធិ៍សាត់: លោកខូយ រីដា អភិបាល នៃ គណះអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២៤ បានអញ្ជើញអមដំណើរ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី ១ គណះកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីចុះពិនិត្យការស្ថាបនា ការដ្ឋានសាងសង់ទំនប់ច្រាំងស្ទឹង ការពារទឹកជំនន់ស្ថិតនៅចំនុច ភូមិស្វាយចាន់ ឃុំស្វាយលូង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

លោកខូយ រីដា អភិបាល នៃ គណះអភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានគិតគូរខ្ពស់ចំពោះទុក្ខលំបាក របស់ប្រជាពលរដ្ឋ នៅទូទាំង ប្រទេស ជាក់ស្តែងនាពេលនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្តល់ជាថវិកាដ៍ថ្លៃថ្លា ដើម្បីអោយអាជ្ញាធរខេត្ត រៀបចំស្ថាបនាសាងសង់ ទំនប់ច្រាំងស្ទឹងនេះ ដើម្បីការពារ ទឹកជំនន់នារដូវវស្សា ព្រោះទឹកជំនន់កន្លងមក តែងតែរងផលប៉ះពាល់ធ្វើអោយបាក់ច្រាំងស្ទឹង ទឹក ហូរកាត់លិចផ្ទះសម្បែង និង ផលដំណាំកសិកម្ម របស់ប្រជាពលរដ្ឋជារៀងរាល់ឆ្នាំ ធ្វើអោយប្រជាពលរដ្ឋ ជួបការលំបាក ។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋ សូមសម្តែងនូវទឹកចិត្តត្រេកអរ និង សូមថ្លែងអំណរគុណ ដល់អាជ្ញាធរខេត្ត អាជ្ញាធរស្រុក ឃុំ ជាពិសេសសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានផ្តល់អំណោយជាថវិកា ដ៍ថ្លៃថ្លាដើម្បីស្ថាបនាសាងសង់ទំនប់ ច្រាំងស្ទឹងមួយកន្លែងនេះ សម្រាប់ការពារទឹកជំនន់ ៕

To Top