ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់មនុស្ស ៤០នាក់បានស្លាប់ នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល លើតំបន់ភាគខាងត្បូងហ្គាហ្សា

រូបភាពពី៖​ XINHUA

ហ្គាហ្សា៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ WAFA របស់ប្រទេសប៉ាឡេស្ទីន បានឲ្យដឹងថា យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ៤០នាក់ ត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់របស់អ៊ីស្រាអែល ទៅលើទីក្រុងទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប នៅថ្ងៃចន្ទនេះ។

សាក្សីដែលបានឃើញផ្ទាល់ភ្នែកបានឲ្យដឆងថា តំបន់ភាគខាងលិចនៃទីក្រុង ត្រូវបានទម្លាក់គ្រាប់បែកយ៉ាងហិង្សាដោយយន្តហោះចម្បាំង និងកាំភ្លើងធំរបស់អ៊ីស្រាអែល ខណៈដែលពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន និងកងទ័ពអ៊ីស្រាអែល បានចូលរួមក្នុងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ដោយបន្ថែមប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ ដែលភៀសខ្លួនរស់នៅក្នុងតំបន់ទាំងនោះ។

ក្រសួងសុខភាពដែលមានមូលដ្ឋាននៅហ្គាហ្សាបាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ២៥,២៩៥នាក់ហើយ។

ក្រសួងបានឲ្យដឆងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ១៩០នាក់ និងរបួស ៣៤០នាក់ទៀតក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។

ប្រភពបានបន្ថែមថាជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលកំពុងបន្តបានធ្វើឱ្យប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៦៣,០០០ នាក់រងរបួសចាប់តាំងពីការផ្ទុះឡើងនៅថ្ងៃទី០៧ ខែតុលាឆ្នាំ២០២៣ ដោយកត់សម្គាល់ថាជនរងគ្រោះមួយចំនួនធំនៅតែស្ថិតនៅក្រោមគំនរបាក់បែក ខណៈដែលរថយន្តសង្គ្រោះបន្ទាន់ និងក្រុមការពារស៊ីវិលមិនអាចទៅដល់ពួកគេ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top