ភ្នំពេញ៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៣ មករា អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ដោយបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ ជាស្ថាប័នប្រមូលចំណូលដ៏សំខាន់បំផុត សម្រាប់ជាតិ ។
ជាមួយគ្នានោះអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការពន្ធដារទាំងអស់ ក្នុងការចូលរួមចំណែកបំពេញភារកិច្ច អស់ពីកម្លាំងកាយចិត្ត ចំពោះលទ្ធផល នៃការធ្វើទំនើបភាវូបនីយកម្មស្ថាប័ន និងសម្រេចបានលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធយ៉ាងល្អប្រសើរ ដោយសម្រេចបានលើសផែនការ ទោះបីជាស្ថិតក្នុងសភាពការណ៍លំបាក ប្រឈមនឹងហានិភ័យ ភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ច និងនយោបាយសកលយ៉ាងណាក៏ដោយ។
ឆ្លៀតក្នុងឱកាសនោះដែរឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសេដ្ឋកិច្ច បានដាក់ចេញនូវអនុសាសន៍សំខាន់ៗ លើទិដ្ឋភាព ២ ផ្នែក៖ ផ្នែកទី១.កិច្ចការចំពោះមុខ (រយៈពេលខ្លី ឆ្នាំ២០២៤) ផ្អែកលើសភាពការណ៍ សេដ្ឋកិច្ច-សង្គម ទោះបីការរំពឹងទុកកំណើនសេដ្ឋកិច្ច ជាវិជ្ជមានយ៉ាងណាក្តី ភាពមិនប្រាកដប្រជា នៅមានច្រើន គឺស្តែងចេញជាបញ្ហាប្រឈមនិងសម្ពាធ ដែលតម្រូវឱ្យយើងត្រៀមខ្លួន ទាំងផ្នែកគោលនយោបាយភាពទន់ភ្លន់ និងផែនការសកម្មភាព ហើយត្រូវប្រឹងប្រែងកាន់តែខ្លាំងក្លាជាងមុន និងត្រូវអនុវត្ត ដោយយកចិត្តទុកដាក់ជាមួយអ្នកជាប់ពន្ធ ។
ផ្នែកទី២. កិច្ចការរយៈពេលវែង (គោលដៅឆ្នាំ២០២៨) ជំរុញនិងគាំទ្រអគ្គនាយកដ្ឋានពន្ធដារកែប្រែឱ្យក្លាយទៅជា Tax Administration 2.5 ដែលក្នុងបរិការណ៍នេះ ការបង្កើនល្បឿននៃកិច្ចការកែទម្រង់ គឺជាអភិក្រមនៃការដោះស្រាយបញ្ហានានា ។
សូមបញ្ជាក់ថា រយៈពេល ១២ខែ ឆ្នាំ២០២៣ ចំណូលពន្ធអាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន ជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ១៤ ៦២៩,១០ ប៊ីលានរៀល (ប្រមាណជា ៣ ៦១២,១២ លានដុល្លារ) ស្មើនឹង ១០១,១៣% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំ ឆ្នាំ២០២៣ ធៀបនឹងចំណូលពន្ធអាករក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២២ គឺកើនឡើងចំនួន ៦២៨,២៨ ប៊ីលានរៀល (ប្រមាណជា ១៥៥,១៣ លានដុល្លារ) ស្មើនឹង ៤,៤៩% ៕