ព័ត៌មានជាតិ

សិស្សប៊ែលធីនិទ្ទេស A ១១៩រូប ចែករំលែកបទពិសោធន៍ដល់សិស្សថ្នាក់ទី១២ ប្រមាណ ៣,៥០០នាក់ ដែលត្រៀមប្រឡង សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប)

ភ្នំពេញ ៖ សាលា ប៊ែលធី អន្តរជាតិ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានរៀបចំពិធីសំណេះសំណាល និង ចែករំលែក បទពិសោធន៍សិក្សា របស់សិស្សប៊ែលធី និទ្ទេស A ចំនួន ១១៩រូប ជូនសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ដោយមានការចូលរួមផ្ទាល់ និងផ្សាយផ្ទាល់ (Video Conference) ទៅសិស្សគ្រប់សាខា សរុប ប្រមាណ ៣,៥០០នាក់ ក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រ មណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកស្រី ។

លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ បានឱ្យដឹងថា បច្ចុប្បន្ន សាលា ប៊ែលធី អន្តរជាតិ មាន ២៩សាខា ក្នុងនោះ ២៦សាខាកំពុងដំណើរការ និង ៣សាខាកំពុងសាងសង់ ដែលមានបុគ្គលិកបម្រើការ សរុបចំនួន ២,៤៤៦នាក់ (នារី ១,០០៨នាក់) និងមានសិស្សានុសិស្សកំពុងសិក្សាសរុបចំនួន ៦០,៥៥៩នាក់ (នារី ២៩,២៩២នាក់) ។

គិតត្រឹមឆ្នាំសិក្សា២០២២-២០២៣ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ទី១២ ដែលបានប្រឡងបញ្ចប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១៨,៩៣៥នាក់ (ដប់ប្រាំបីពាន់ ប្រាំបួនរយសាមសិបប្រាំនាក់) ក្នុងនោះ ជាប់ ១៦,៥១២នាក់ (ដប់ប្រាំមួយពាន់ ប្រាំរយដប់ពីរនាក់) ស្មើនឹង ៨៧.២០% និងមានសិស្សនិទ្ទេសA ចំនួន ៣៩៧នាក់ សិស្សពូកែទូទាំងរាជធានី ចំនួន ១១៦នាក់ និងទូទាំងប្រទេស ចំនួន ៣១នាក់។
ចំពោះសិស្សដែលបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងទទួលបានសញ្ញាបត្រចំនួនពីរ៖ ១-ចេញដោយ សាលា ប៊ែលធី អន្តរជាតិ និង ២-ចេញ ដោយក្រសួងអប់រំ យុវជន និងកីឡា ហើយសញ្ញាបត្រទាំងពីរនេះ ត្រូវបានដាក់បញ្ចូល (Upload) ទៅក្នុងវែបសាយ របស់ប៊ែលធី ដើម្បីទុកជាកាលប្បវត្តិសម្រាប់សិស្សគ្រប់រូបទាញយក (Download) ប្រើប្រាស់ជាផ្លូវការផងដែរ។

ក្នុងពិធីនេះដែរ សិស្សនិទ្ទេស A ចំនួន ៥រូប តំណាងសិស្សនិទ្ទេស A ទាំង ១១៩រូប បានចែករំលែកបទពិសោធន៍ ជោគជ័យដែលមានកត្តារួមផ្សំសំខាន់ៗ៤ គឺ ១-កត្តាខ្លួនឯង៖ ត្រូវខិតខំសិក្សារៀនសូត្រនិងមានគោលដៅ, ២-កត្តាគ្រួសារ៖ មាតាបិតាផ្តល់ឱកាសសិក្សានិងជំរុញលើកទឹកចិត្តបុត្រធីតា, ៣-កត្តាសាលា៖ មានកម្មវិធីសិក្សាល្អៗ កម្មវិធីសិក្សាបន្ថែម ទាំង១២ គ្រូមានសមត្ថភាព បទពិសោធន៍ និងគរុកោសល្យ ព្រមទាំងមាន BELTEI App ជាជំនួយស្មារតីក្នុងការសិក្សា និង ៤-កត្តាសង្គម៖ ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការ ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ដែលធ្វើឱ្យសិស្សមានឱកាសបានរៀនសូត្រ ខ្ជាប់ខ្ជួនទៅតាមកម្មវិធីសិក្សារបស់ក្រសួង និងសាលាបានដាក់ចុះ ។

ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង បានកោតសរសើរ ចំពោះសិស្សនិទ្ទេស A និងសិស្សជ័យលាភីទាំងអស់ ដែលបានយកចិត្តទុកដាក់ ខិតខំសិក្សារៀនសូត្រ ស្តាប់គ្រូពន្យល់ គោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យនាពេលនេះ ។ ជាពិសេសបានចែករំលែកបទ ពិសោធន៍ជោគជ័យរបស់ខ្លួន ជូនដល់សិស្សប្អូនជំនាន់ក្រោយ ដើម្បីជាទុនសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិនាពេលខាងមុខ ។

លោកបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះមាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់ ដែលបានផ្តល់ឱកាស និងជំរុញកូនៗឱ្យសិក្សាបន្ថែមនៅផ្ទះ ធ្វើកិច្ចការផ្ទះ គោរពវិន័យសាលា និងសហការយ៉ាងជិតស្និត ជាមួយគណៈគ្រប់គ្រងនៅតាមបណ្តាសាខានៃសាលា ប៊ែលធី អន្តរជាតិ ។

លោកបណ្ឌិត ក៏បានថ្លែងគោរពដឹងគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង ឥស្សរជនជាថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀត ដែលបានតស៊ូ លះបង់ និងហ៊ានពាលីជីវិត ដើម្បីស្វែង រកសុខសន្តិភាព ជូនប្រទេសជាតិ និងប្រជាជន និងបានខិតខំកសាង អភិវឌ្ឍប្រទេសជាតិ ឱ្យរីកចម្រើនថ្កុំថ្កើង លើគ្រប់វិស័យ ។

ជាទីបញ្ចប់ លោកបណ្ឌិត និងលោកស្រី បានប្រគល់លិខិតសរសើរនិងប្រាក់រង្វាន់ជូនសិស្សនិទ្ទេស A ទាំង ១១៩រូប នាយកសាខា និងលោកគ្រូ-អ្នកគ្រូថ្នាក់ទី១២ ដែលមានស្នាដៃបង្រៀនសិស្សទទួលបាននិទ្ទេស A ចំនួន ១១៤រូប ផងដែរ ៕

To Top