ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ​ថា​មិន​បន្ត​កុងត្រា ​ដឹក​ជញ្ជូន​ឧស្ម័ន ​ជាមួយ​រុស្ស៊ី​ទៀតនោះទេ បន្ទាប់ពី​ឆ្នាំ​២០២៤

គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍​ដោយដកស្រង់ សេវាកម្មសារព័ត៌មាន របស់រដ្ឋាភិបាលថា អ៊ុយក្រែន មិនមានគម្រោងបន្តកិច្ចសន្យា ដឹកជញ្ជូនឧស្ម័នធម្មជាតិ ជាមួយរុស្ស៊ីទៀតនោះទេ បន្ទាប់ពីឆ្នាំ២០២៤ ។

សេវាកម្មសារព័ត៌មានបានចុះផ្សាយថា “ជំហររបស់ភាគីអ៊ុយក្រែន គឺច្បាស់លាស់ ដែលថា កិច្ចសន្យាដឹកជញ្ជូននឹងបញ្ចប់នៅចុងឆ្នាំនេះ យើងនឹងមិនចរចាជាមួយរុស្ស៊ី និងបន្តកិច្ចសន្យាទៀតនោះទេ” ។

ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែនអាចចរចា ជាមួយបណ្តាប្រទេសសហភាពអឺរ៉ុប អំពីការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនឧស្ម័នរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ក្រុមហ៊ុនថាមពលរដ្ឋរបស់អ៊ុយក្រែន Naftogaz និងក្រុមហ៊ុនឧស្ម័នយក្សរុស្ស៊ី Gazprom បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នកាលពីខែធ្នូ ឆ្នាំ២០១៩។ កិច្ចសន្យានេះសន្មតថាអ៊ុយក្រែន នឹងបញ្ជូនឧស្ម័នរុស្ស៊ីចំនួន 40 ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំក្នុងអំឡុងពេលឆ្នាំ២០២១-២០២៤ ។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន ការដឹកជញ្ជូនឧស្ម័នរបស់រុស្ស៊ី ឆ្លងកាត់អ៊ុយក្រែន បានធ្លាក់ចុះ ២៨,៤ភាគរយមកនៅត្រឹម ១៤,៦៤៦ លានម៉ែត្រគូប៕
ប្រែសម្រួល ឈូក បូរ៉ា

To Top