បរទេស៖ ឥណ្ឌាកំពុងត្រៀមខ្លួនក្នុងការនាំចេញ BrahMos ដែលជាកាំជ្រួចល្បឿនលឿនជាងសំឡេងរយៈចម្ងាយឆ្ងាយដែលបានបង្កើតឡើងរួមគ្នាជាមួយនឹងរុស្ស៊ី ទៅកាន់ប្រទេសហ្វីលីពីន។ ការត្រៀមបញ្ជូននេះកើតឡើងចំពេលដែលទីក្រុងញូវដេលីជំរុញការផលិតអាវុធក្នុងស្រុក និងបង្កើនការនាំចេញទៅកាន់ប្រទេសដទៃទៀត។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Samir Kamat ប្រធានអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិ (DRDO) បានប្រាប់សារព័ត៌មាន ANI ថា កិច្ចព្រមព្រៀងតម្លៃ ៣៧៥ លានដុល្លារ ដែលបានចុះហត្ថលេខាក្នុងខែមករា ឆ្នាំ ២០២២ នឹងពាក់ព័ន្ធនឹងការបញ្ជូនមីស៊ីលទៅកាន់ប្រទេសហ្វីលីពីនក្នុងពេលឆាប់ៗនេះ។ លោកបាននិយាយថា “ប្រព័ន្ធមូលដ្ឋានរបស់មីស៊ីល BrahMos គួរតែត្រូវបានបញ្ជូនក្នុងពេលឆាប់ៗនេះក្នុងរយៈពេលដប់ថ្ងៃបន្ទាប់” ដោយលើកឡើងថា សមាសធាតុដែលនៅសល់នឹងត្រូវដឹកជញ្ជូននៅក្នុងខែមីនា។
លោក Kamat បានបន្ថែមថា កាំជ្រួច BrahMos កំពុង “ទទួលបានការចាប់អារម្មណ៍ច្រើន” ពីអ្នកទិញដែលមានសក្តានុពល។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ប្រទេសថៃ វៀតណាម និងឥណ្ឌូនេស៊ី ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញមីស៊ីលនេះផងដែរ។
ប្រធានអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិ ក៏បានលើកឡើងផងដែរថា ប្រទេសបរទេសបានចង្អុលបង្ហាញថា ពួកគេចង់ទិញឧបករណ៍ការពារដែលផលិតដោយប្រទេសឥណ្ឌាផ្សេងទៀត រួមទាំង ‘Akash’ ដែលជាប្រព័ន្ធកាំជ្រួចដែលអាចកំណត់គោលដៅយន្តហោះបានចម្ងាយរហូតដល់ ៤៥ គីឡូម៉ែត្រ ។ លោកបានបន្ថែមថា៖ «ខ្ញុំប្រាកដក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ការនាំចេញនឹងក្លាយជាផ្នែកដ៏សំខាន់នៃផលប័ត្ររបស់យើង»៕
ប្រែសម្រួលៈ ណៃ តុលា