វៀងចន្ទន៍៖ រដ្ឋាភិបាលឡាវ បានណែនាំដល់គ្រប់នាយកដ្ឋាន និងអាជ្ញាធរមូលដ្ឋាន ឲ្យដោះស្រាយបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលកំពុងកើតឡើង និងសម្រាលទុក្ខលំបាក របស់ប្រជាជន។
យោងតាមរបាយការណ៍របស់ទូរទស្សន៍ជាតិឡាវនៅថ្ងៃពុធនេះ ការណែនាំនេះត្រូវបានចេញនៅក្នុងកិច្ចប្រជុំប្រចាំខែរបស់រដ្ឋាភិបាលឡាវ សម្រាប់ខែមករា ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃអង្គារ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone។
អ្នកចូលរួមបានពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើន រួមទាំងកិច្ចការដែលបានអនុវត្តក្នុងខែមករា ក្នុងវិស័យការពារជាតិ សន្តិសុខ និងកិច្ចការបរទេស ព្រមទាំងផែនការការងារ សម្រាប់ខែកុម្ភៈ។
លោក Sonexay បានអំពាវនាវឱ្យអ្នកចូលរួមធ្វើការវិភាគបន្ថែមទៀតអំពីស្ថានភាព និងផ្តល់យោបល់ក្នុងន័យស្ថាបនា ដើម្បីសម្រេចបាននូវគោលដៅ និងគោលបំណងដែលបានកំណត់។
ប្រទេសឡាវរងផលប៉ះពាល់ដោយការឡើងថ្លៃប្រេងនៅលើទីផ្សារពិភពលោក។ ទន្ទឹមនឹងនេះ ការផលិត និងការទិញទំនិញក្នុងស្រុកនៅតែមានកម្រិតទាប ដែលមានន័យថា ការនាំចូលនៅតែបន្តមានសារៈសំខាន់ ដែលប្រើប្រាស់ទុនបម្រុងរូបិយប័ណ្ណបរទេស ហើយវាប៉ះពាល់ដល់អត្រាប្តូរប្រាក់ និងជំរុញអតិផរណា ដែលបណ្តាលឱ្យតម្លៃទំនិញឡើងខ្ពស់៕
ប្រែសម្រួល ឈូក បូរ៉ា