កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងអភិបាលខេត្តព្រៃវែង លោក សួន សុម៉ាលីន នៅព្រឹកថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារមន្ត្រីពាក់ព័ន្ធចុះពិនិត្យស្ថានីយបងទឹកទន្លេវ៉ៃកូ ស្ថិតក្នុង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា ស្ថានីយ៍បូមទឹកទន្លេវ៉ៃកូ ជាកន្លែងប្រភពទឹក បូមចេញពីទន្លេតូច ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ។
លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ដោយសារខេត្តព្រៃវែង មាន ៣ស្រុក ១៣ឃុំ ត្រូវការទឹក ដើម្បីសង្គ្រោះស្រូវប្រាំង របស់ប្រជាកសិករ ដែលមានទីតាំងជាប់ដងស្ថានីយ៍ទន្លេវ៉ៃកូ ប្រមាណជាជិត ១ម៉ឺន ហិកតា។

ដូច្នេះ បន្ទាប់ពីអាជ្ញាធរ ខេត្តទាំងពីរ បានចុះពិនិត្យ ទើបឯកភាពគ្នា សម្រេច បូមទឹកពីទន្លេតូច តាមរយៈស្ថានីយ៍បូមទឹក ទន្លេវ៉ៃកូ ដើម្បីផ្គត់ផ្គង់ទៅ ខាងខេត្តព្រៃវែង ដែលត្រូវការទឹកប្រមាណជា ២០ លានម៉ែត្រគីប និងត្រូវការរយៈពេលបូមទឹក ១៦ថ្ងៃ ពីព្រោះប្រព័ន្ធធារាសាស្ត្រនេះ អាចប្រើរយៈពេល ៣ថ្ងៃ ទើបទឹកហូរដល់ ស្រុកមេសាង ខេត្តព្រៃវែង។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់បន្ថែមថា ដំណើរការបូមទឹក នឹងត្រូវចាប់ផ្ដើមថ្ងៃទី ១ ខែកុម្ភៈនេះតែម្ដង ដែលការចំណាយលើការបូមទឹកនេះ ជាបន្ទុករបស់រដ្ឋបាលខេត្តកំពង់ចាម ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
