ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា (AmCham Cambodia) ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាស នៃជំនួបលោក Devin Barta លោកប្រធានសភាពាណិជ្ជកម្ម ក៏បានសម្ដែង នូវការអរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបាន បង្កលក្ខណៈងាយស្រួល និងធានាបាននូវបរិយាកាស វិនិយោគល្អប្រសើរ សម្រាប់ធុរកិច្ចអាមេរិក នៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះ ការបើកចំហ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាង ក្រសួង-ស្ថាប័ន និងសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា។
លោកប្រធានសភាពាណិជ្ជកម្ម បានលើកឡើងពីសកម្មភាព ការងារមួយចំនួនរបស់ AmCham Cambodia ដែលមានការលើកកម្ពស់ កិច្ចទំនាក់ទំនងវិនិយោគ និង ពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក ការជំរុញការផ្សព្វផ្សាយអំពីសក្តានុពល ឱកាសវិនិយោគរបស់កម្ពុជា ដល់វិនិយោគិនអាមេរិក ការជួយកសាងសមត្ថភាព និងភាពជាអ្នកដឹកនាំស្ត្រីជាសហគ្រិន។
ទន្ទឹមនឹងនេះ លោកប្រធានសភា ពាណិជ្ជកម្ម បានបង្ហាញពីជំហរនៃការបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើការទាក់ទាញវិនិយោគ ផ្ទាល់ពីបរទេស (FDI)មកកម្ពុជា វិស័យធុរកិច្ច អចលនទ្រព្យ និងការគាំទ្រដល់ស្រ្តីលើផ្នែកភាពជាម្ចាស់ នៃសហគ្រាសធន់តូច ការបណ្តុះបណ្តាល អភិវឌ្ឍជំនាញ និងផ្នែកហិរញ្ញវត្ថុជាដើម ។
សម្តេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការល្អ រវាងសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា និងបានអរគុណចំពោះក្រុមហ៊ុនអាមេរិក ដែលតែងតែជឿជាក់និងបានបណ្ដាក់ ទុនវិយោគនៅកម្ពុជា ដែលនេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ។
សម្ដេចធិបតី ក៏បានលើកទឹកចិត្តសភា ពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា បន្តពង្រឹង និង ពង្រីកនូវកិច្ចសហប្រតិបត្តិការ បន្ថែមទៀត ជាមួយនឹងក្រសួង-ស្ថាប័ន ពាក់ព័ន្ធរបស់កម្ពុជា ព្រមទាំងបានគូសបញ្ជាក់ ជូនលោកប្រធានសភាពាណិជ្ជកម្ម អំពីការយកចិត្តទុកដាក់និង ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការធានានូវបរិយាកាសវិនិយោគល្អនៅកម្ពុជា ដូចជាការពង្រឹងភាពធន់នៃប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការពង្រីកមធ្យោបាយ ក្នុងការទូទាត់ទំនើបតាមប្រព័ន្ធ QR-Code ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្ម សេរីរវាងកម្ពុជាជាមួយបណ្ដាប្រទេស ជាច្រើនទាំងក្នុងតំបន់ និងពិភពលោក។
បន្ថែមពីនេះ សម្ដេចធិបតី ក៏បានបញ្ជាក់ពីភាពទាក់ទាញ នៃច្បាប់ស្តីពីវិនិយោគកម្ពុជា និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគ ប្រកបដោយភាពអនុគ្រោះ និងភាពបត់បែន ។ សម្តេចធិបតី ក៏បានបញ្ជាក់ជូន លោកប្រធានសភាពាណិជ្ជកម្ម អំពីឱកាសនៃការវិនិយោគ លើសួនឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ (High Tech Industrial Park) ដែលរាជរដ្ឋាភិបាល កំពុងយកចិត្តទុក ក្នុងទិសដៅចូលរួម ក្នុងការអភិវឌ្ឍវិស័យឌីជីថ ៕