បរទេស៖ កងកម្លាំងអាមេរិក បានចាប់ផ្តើមយុទ្ធនាការ ទម្លាក់គ្រាប់បែកថ្មីនៅមជ្ឈិមបូព៌ា ដើម្បីដាក់ទណ្ឌកម្មកងកម្លាំង Quds របស់អ៊ីរ៉ង់ និងកងជីវពលដែលពាក់ព័ន្ធនឹងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក និង មីស៊ីលមកលើមូលដ្ឋានយោធាអាមេរិកក្នុងតំបន់នេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារតាមផ្លូវអាកាសចុង ក្រោយបំផុត របស់ទីក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើមនៅ ពាក់កណ្តាលអធ្រាត្រម៉ោង នៅទីក្រុងបាកដាដ ឈានចូលថ្ងៃសៅរ៍ ហើយបានវាយប្រហារច្រើនជាង ៨៥ គោលដៅនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ។ ប្រតិបត្តិការនេះពាក់ព័ន្ធនឹង “យន្តហោះជាច្រើន” រួមទាំងយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយដែលហោះហើរពីសហរដ្ឋអាមេរិក ដែលបានទម្លាក់គ្រាប់បែកជាក់លាក់ជាង ១២៥ គ្រាប់ទៅលើគោលដៅ។
CENTCOM បាននិយាយថា គោលដៅទាំងនោះរួមមាន មជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រង កន្លែងស៊ើបការណ៍សម្ងាត់ ឃ្លាំងផ្ទុកអាវុធ និងកន្លែងផ្គត់ផ្គង់ខ្សែសង្វាក់ កងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ ក៏ដូចជា “អ្នកឧបត្ថម្ភ IRGC របស់ពួកគេ ដែលបានសម្របសម្រួល ការវាយប្រហារប្រឆាំង នឹងសហរដ្ឋអាមេរិក និងមកលើកងកម្លាំងចម្រុះ” ។
សូមជម្រាបថា ការទម្លាក់គ្រាប់បែកនេះ ធ្វើឡើងបន្ទាប់ពីការវាយលុកជាបន្តបន្ទាប់លើមូលដ្ឋានយោធាអាមេរិកនៅមជ្ឈិមបូព៌ា រួមទាំងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកដែលបានសម្លាប់ទាហានអាមេរិក ៣ នាក់ និងរបួសជាង ៤០ នាក់ទៀត នៅឯទីតាំងយោធា សម្ងាត់របស់សហរដ្ឋអាមេរិកក្នុងប្រទេសហ្ស៊កដានី។ មូលដ្ឋាននោះមានឈ្មោះថា Tower 22 ស្ថិតនៅជិតព្រំដែនស៊ីរី និងអ៊ីរ៉ាក់៕
ប្រែសម្រួលៈ ណៃ តុលា