ខេត្តកំពង់ធំ, នៅថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឆ្លៀតក្នុងឱកាសបន្ទាប់ពីចូលរួមកិច្ចប្រជុំការងារក្នុងខេត្តកំពង់ធំ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងកិច្ចអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងជូនបងប្អូនប្រជាកសិករដែលកំពុងប្រឈមខ្វះទឹកស្រោចស្រព ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។
បើតាមលោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំបានឱ្យដឹងថា ផែនការបង្កបង្កើនផលស្រូវប្រាំងឆ្នាំ២០២៣-២០២៤ នៅខេត្តកំពង់ធំមានចំនួន ៦០ ៦០០ ហិកតា តែការអនុវត្តជាក់ស្តែងមានចំនួន ៨៣ ៤៧១ ហិកតា លើសផែនការចំនួន ២១ ៨៧១ ហិកតា ក្នុងនោះស្រូវប្រាំងរងផលប៉ះពាល់សរុបមានប្រមាណ ១៨០០ ហិកតា។
ក្នុងឱកាសនោះ លោក រួមជាមួយមន្ត្រីជំនាញក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងជូនប្រជាពលរដ្ឋនៅប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតខាងជើងប្រមាណ ៦០០ហិកតា ស្ថិតនៅក្នុងភូមិបឹងល្វា ឃុំកំពង់ថ្ម និងភូមិបន្ទាយយមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោក បានមានប្រសាសន៍ឱ្យដឹងថា កិច្ចអន្តរាគមន៍នៅពេលនេះ ក្រុមការងារបានប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តកំលាំង ៦៥សេះ ចំនួន ៣គ្រឿង ដាក់ដំឡើងនៅលើប្រឡាយមេទី១ នៃប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត បូមទឹកទម្លាក់ចូលតាមប្រឡាយរងចំនួន ៣ខ្សែគឺប្រឡាយរងទី១ ប្រឡាយរងទី២ និងប្រឡាយរងទី៣ ដើម្បីឱ្យប្រជាពលរដ្ឋចាត់ចែងបូមបន្តដាក់ស្រែរបស់ពួកគាត់។ ជាមួយគ្នានេះ លោក បានមានប្រសាសន៍ណែនាំឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ យកចិត្តទុកដាក់សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បន្តនូវកិច្ចអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង ជូនប្រជាកសិករដែលកំពុងប្រឈមខ្វះទឹកស្រោចស្រព។
តំណាងប្រជាកសិករដែលកំពុងបង្កបង្កើនផលស្រូវប្រាំងនៅប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ខេត្តកំពង់ធំបានសម្តែងនូវក្តីរីករាយ និងសូមថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយដោះស្រាយគ្រប់មធ្យោបាយសង្រ្គោះស្រូវប្រាំងរបស់ពួកគាត់ដែលកំពុងប្រឈមខ្វះទឹកស្រោចស្រព និងបានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ថ្នាក់ដឹកនាំក្រសួង និងមន្ទីរ ព្រមទាំងអាជ្ញាធរមូលដ្ឋានដែលបានចុះអន្តរាគមន៍ដោយផ្ទាល់ និងបញ្ជូនម៉ាស៊ីនបូមទឹកចល័តជួយបូមទឹកសង្រ្គោះស្រូវប្រាំងនាពេលនេះ។
សូមបញ្ជាក់ថា ក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រាំងដែលប្រឈមខ្វះទឹកស្រោចស្រពសម្រេចបានប្រមាណ ១០៦១ ហិកតា លើផ្ទៃដីស្រូវប្រាំងដែលរងផលប៉ះពាល់សរុបប្រមាណ ១៨០០ ហិកតា ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តកំលាំង ៦៥សេះ ចំនួន ១៦គ្រឿង៕