ព័ត៌មានអន្តរជាតិ

ក្រុមឧទ្ទាមហួធី បាញ់មីស៊ីល៦គ្រាប់ សំដៅកប៉ាល់ដឹកទំនិញក្រិក នៅសមុទ្រក្រហម បណ្តាលឱ្យរងការខូចខាតតិចតួច

បរទេស៖ ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បាននិយាយថា ក្រុមឧទ្ទាមហួធី បានបាញ់កាំជ្រួចចំនួន ៦គ្រាប់ឆ្ពោះទៅសមុទ្រក្រហមខាងត្បូង និងឈូងសមុទ្រអាដែន កាលពីថ្ងៃអង្គារ ដោយកាំជ្រួចមួយគ្រាប់ គឺបានធ្វើឱ្យខូចខាតបន្តិចបន្តួច ដល់នាវាមួយគ្រឿងដែលគ្រប់គ្រងដោយប្រទេសក្រិក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា “នៅថ្ងៃទី៦ ខែកុម្ភៈ ចាប់ពីម៉ោង ១:៤៥ ព្រឹកដល់ម៉ោង ៤:៣០នាទី ល្ងាច (ម៉ោងស្តង់ដារអារ៉ាប់) នៅថ្ងៃអង្គារ ក្រុមសកម្មប្រយុទ្ធហួធី ដែលគាំទ្រដោយអ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងប្រឆាំងនាវាចំនួន៦គ្រាប់ ( ASBM) ពីតំបន់គ្រប់គ្រងដោយពួកឧទ្ទាមហួធី នៃប្រទេសយេម៉ែន ឆ្ពោះទៅសមុទ្រក្រហមខាងត្បូង និងឈូងសមុទ្រអាដែន។

CENTCOM បាននិយាយនៅលើ X អតីត Twitterថា មីស៊ីល ASBMs ចំនួន ៣គ្រាប់ បានព្យាយាមវាយប្រហារកប៉ាល់ជំនួញ Star Nasia ដែលជាកប៉ាល់ផ្ទុកទំនិញភាគច្រើនដែលមានទង់ជាតិ កោះ Marshall គ្រប់គ្រង និងដំណើរការដោយក្រិក ឆ្លងកាត់ឈូងសមុទ្រ អាដែន ។ នៅម៉ោងប្រហែល ៣ និង ២០នាទីព្រឹក កប៉ាល់ MV Star Nasia បានរាយការណ៍ពីការផ្ទុះនៅជិតកប៉ាល់ ដែលបណ្តាលឱ្យមានការខូចខាតតិចតួច ប៉ុន្តែមិនមានអ្នករងរបួសទេ” ។

ទីបញ្ជាការកណ្តាលអាមេរិក បាននិយាយថា គ្រាប់មីស៊ីលទីពីរដែលសំដៅទៅលើកប៉ាល់ MV Star Nasia បានធ្លាក់ចូលទៅក្នុងទឹក ហើយគ្រាប់ទី ៣ ត្រូវបានបាញ់ទម្លាក់ដោយនាវាពិឃាតរបស់សហរដ្ឋអាមេរិក ដោយបន្ថែមថា កប៉ាល់ក្រិកនៅតែបន្តឆ្ពោះទៅកាន់គោលដៅរបស់ខ្លួន៕ ប្រែសម្រួលៈ ណៃ តុលា

To Top