ព័ត៌មានជាតិ

ក្នុងថ្ងៃសន្និបាត៖ ក្រសួងការងារ ចេញផ្សាយ«ព្រឹត្តិបត្រព័ត៌មានទីផ្សារការងារ »​លើកទី១សម្រាប់​អាណត្តិទី៧

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញផ្សាយ «ព្រឹត្តិបត្រព័ត៌មានទីផ្សារការងារ» ទស្សនវិស័យសេដ្ឋកិច្ចទីផ្សារការងារកម្ពុជាឆ្នាំ២០២៤ លើកទី១ សម្រាប់អាណត្តិទី៧នេះ។
ព្រឹត្តិបត្រព័ត៌មានទីផ្សារការងារ គឺជាឯកសារឆ្លុះបញ្ចាំងអំពីចរន្តសកលនិងតំបន់ និងបម្រែបម្រួលនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ដែលនឹងជះឥទ្ធិពលដល់តម្រូវការទីផ្សារការងារ និងជំនាញកម្ពុជាក្នុងរយៈពេលខ្លី និងមធ្យម។

ព្រឹត្តិបត្រនេះនឹងផ្តល់ព័ត៌មានសំខាន់ៗបន្ថែមទៀតដល់សិស្ស និស្សិត ដើម្បីស្វែងយល់អំពីពិភពការងារនៅលើសកលលោក អាស៊ាន និងកម្ពុជា និងត្រៀមខ្លួនកាន់តែល្អប្រសើរក្នុងការចាប់យកឱកាសអភិវឌ្ឍជំនាញ និងឱកាសការងារ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តធ្វើបច្ចុប្បន្នភាពព្រឹត្តិបត្រព័ត៌មានទីផ្សារការងារនេះឱ្យកាន់តែល្អប្រសើរ និងមានភាពគ្រប់ជ្រុងជ្រោយ ទៅជាឯកសារយោងមួយយ៉ាងសំខាន់សម្រាប់យុវជន សិស្ស និស្សិតទាំងអស់, អ្នកផ្តល់ការអប់រំ និងបណ្តុះបណ្តាល, និយោជក, អ្នកគ្រប់គ្រងបុគ្គលិក, អ្នកសិស្សាស្រាវជ្រាវ និងអ្នករៀបចំគោលនយោបាយដើម្បីរៀបចំផែនការសិក្សានិងអាជីព, រៀបចំវគ្គបណ្តុះបណ្តាលឱ្យស្របនឹងតម្រូវការទីផ្សារការងារ, គ្រប់គ្រងបុគ្គលិកឱ្យប្រសិទ្ធភាពនិងផលិតភាពខ្ពស់, និងផ្តល់ធាតុចូលដើម្បីរៀបចំគោលនយោបាយទីផ្សារការងារសកម្មសម្តៅចូលរួមចំណែកក្នុងការបង្កើត ការរក្សា និងការបង្កើនការងារឱ្យកាន់តែច្រើនទាំងបរិមាណ និងគុណភាពជូនប្រជាជន។

ព្រឹត្តិបត្រព័ត៌មានទីផ្សារកម្ពុជា លើកទី១ដែលចេញផ្សាយនេះ ក្រសួងការងារបានរំលេចពីស្ថានភាពសេដ្ឋកិច្ចសលក និងស្ថានភាពសេដ្ឋកិច្ច និងទីផ្សារការងារកម្ពុជា ដែលរួមមានស្ថានភាពសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣, ស្ថានភាពតម្រូវការទីផ្សារការងារកម្ពុជាឆ្នាំ២០២៣, ការព្យាករតម្រូវការទីផ្សារការងារ។

ក្រៅពីនេះក្រសួងការងារក៏បានរំលេចថា តើអ្នកគួរត្រៀមខ្លួនបែបណា? ត្រង់ចំណុចនេះក្រសួងបានលើកឡើងពីការស្វែងយល់អំពីពិភពការងារនៅសលកលោក, ស្វែងយល់អំពីពិភពការងារនៅអាស៊ាន, ស្វែងយល់អំពីពិភពការងារនៅកម្ពុជា, សេវាការងារសាធារណៈ និងការប្រឹក្សាយោបល់, និងការចាប់យកឱកាសបណ្តុះបណ្តាល និងអភិវឌ្ឍន៍ជំនាញ៕

To Top