បរទេស៖ គណបក្សសាធារណរដ្ឋនៅក្នុងព្រឹទ្ធសភាអាមេរិក បានរារាំងសេចក្តីព្រាងច្បាប់មួយកាលពីថ្ងៃពុធ ដែលនឹងអនុញ្ញាតឱ្យមានការផ្តល់មូលនិធិបន្ថែមទៀតសម្រាប់អ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា សមាជិកសភាភាគច្រើននៃគណបក្សសាធារណរដ្ឋ (GOP) បានបោះឆ្នោតប្រឆាំងនឹងសេចក្តីព្រាងច្បាប់ផ្តល់ជំនួយនេះ នេះបើយោងតាមកាសែត The Hill របស់អាមេរិក ។ សមាជិកដែលមកពីគណបក្សប្រជាធិបតេយ្យ ដែលមានដូចជា Ed Markey, Bob Menendez, Alex Padilla, និង Elizabeth Warren ក៏ដូចជា Bernie Sanders អ្នកឯករាជ្យមកពីរដ្ឋ Vermont បានចូលរួមជាមួយគណបក្សសាធារណរដ្ឋ ដែលបានបដិសេធមិនគាំទ្រច្បាប់នេះ។
កញ្ចប់ថវិកានេះរួមមាន ចំនួន ១១៨ ពាន់លានដុល្លារ រួមមានជំនួយយោធាចំនួន ៦០ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន និង ១៤ ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែល។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានប្រធានាធិបតី Joe Biden សរសើរថាជាការសម្របសម្រួលជាមួយគណបក្សសាធារណរដ្ឋ ដែលបានបដិសេធមិនផ្តល់ប្រាក់បន្ថែមសម្រាប់អ៊ុយក្រែន លុះត្រាតែលោក Biden យល់ព្រមលើកំណែទម្រង់សន្តិសុខព្រំដែន និងអន្តោប្រវេសន៍ដ៏ទូលំទូលាយ៕
ប្រែសម្រួលៈ ណៃ តុលា