បរទេស៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ នៅថ្ងៃសៅរ៍ម្សិលមិញនេះ បានចោទប្រកាន់ប្រទេសនៅអឺរ៉ុបពីបទគិត មិនសមហេតុផល ក្រោយប្រទេសទាំងនោះ បានអំពាវនាវឲ្យមានកិច្ចប្រជុំក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិសម្ងាត់មួយ ដើម្បីថ្កោលទោសចំពោះការបាញ់ តេស្តមីស៊ីល ធ្វើឡើងដោយកូរ៉េខាងជើង កាលពីដើមសប្ដាហ៍នេះ។
ប្រទេសអង់គ្លេស អាល្លឺម៉ង់ បារាំង អេស្តូនី និងប៊ែលហ្ស៊ិក បានលើកឡើងពីការបាញ់ តេស្តសាកល្បងមីស៊ីលដ៏ថ្មីបំផុតរបស់ ប្រទេសកូរ៉េខាងជើង នៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ ដោយហៅការបាញ់មីស៊ីលនោះ ថាជាទង្វើបង្កហេតុមួយ បំពានទៅនឹងសេចក្តី សម្រេចរបស់អង្គការសហប្រជាជាតិ។
មន្ត្រីនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង មួយរូប បាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍មួយប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន កណ្ដាលរបស់ទីក្រុងព្យុងយ៉ាង KCNA យ៉ាងដូច្នេះថា “ការគិតនិងការនិយាយ មិនសមហេតុផលរបស់ប្រទេសទាំងនេះ កំពុងតែមានភាពប្រហាក់ប្រហែលគ្នាបន្តិចម្តងៗ ទៅនឹងសហរដ្ឋអាមេរិក ដែលមានភាព ជាសត្រូវចំពោះយើង”៕
ប្រែសម្រួល៖ប៉ាង កុង