ភ្នំពេញ៖ ពលករខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃសប្បាយចិត្ត និងចេញសារថ្លែងអំណរគុណយ៉ាងផុសផុលដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការចរចា ជាមួយរាជរដ្ឋាភិបាលថៃ ក្នុងការមិនយកថ្លៃលើការធ្វើដំណើរ ទៅវិញទៅមក (Re-Entry) ក្នុងអំឡុងចូលឆ្នាំខ្មែរខាងមុខនេះ។
ការចេញសារ ថ្លែងអំណរគុណបែបនេះ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំប្រតិភូកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបានចរចាជាមួយភាគីថៃ ក្នុងការសម្រេចមិនយកថ្លៃលើការធ្វើដំណើរទៅវិញទៅមកនេះ រយៈពេលពេញមួយខែមេសា។លោក ប៊ុល ចិត្រា ជាពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្រុមហ៊ុនស៊ីភី ខេត្តនគររាជសីម៉ា ប្រទេសថៃ បានលើកឡើងថា៖ «ខ្ញុំសូមសម្ដែងការសប្បាយរីករាយយ៉ាងខ្លាំង ដោយបានទទួលព័ត៌មានថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចរចារជាមួយរដ្ឋាភិបាលថៃ ដោយមិនយកលុយលើការធ្វើដំណើរទៅវិញទៅមក (Re-Entry) ក្នុងអំឡុងចូលឆ្នាំខ្មែរខាងមុខនេះ សម្រាប់បងប្អូនខ្មែរយើងដែលនឹងធ្វើដំណើរត្រឡប់ទៅលេងស្រុកកំណើត»។
កញ្ញា សួន ស្រីនិច ជាពលករខ្មែរ រស់នៅទីក្រុងបាងកក ប្រទេសថៃ បានបញ្ជាក់ថា ៖«ក្នុងនាមជាពលករខ្មែរមួយរូបដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ខ្ញុំសូមអរគុណរាជរដ្ឋាភិបាលកម្ពុជា និងសូមជូនពរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវជួបតែសេចក្តីសុខ ពុទ្ធពរទាំងបួនប្រការ និងដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចំរើនថែមទៀត។ នៅក្នុងពិធីបិទ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» និងដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨» នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងថៃបានសម្រេចមិនយកថ្លៃ ទិដ្ឋាការចេញ-ចូលប្រទេសថៃ (Re-Entry) ដើម្បីកាត់បន្ថយ ការចំណាយពលករខ្មែរ ដែលនឹងធ្វើដំណើរត្រលប់មកកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិខាងមុខនេះ។
កន្លងមករាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានស្នើសុំបញ្ចុះតម្លៃទិដ្ឋាការចេញ-ចូល ប្រទេសថៃពី១៩០០បាត មកត្រឹម៥០០បាត។ ប៉ុន្តែពេលនេះតម្លៃទិដ្ឋាការនេះ ត្រូវបានសម្រេចមិនយកឡើយ សម្រាប់រយៈពេលពេញមួយខែមេសា ខាងមុខ៕