បរទេស ៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានបង្កើនការបង្រ្កាប ការជួញដូរគ្រឿងញៀន បន្ទាប់ពីមានការរិះគន់ ចំពោះចំណាត់ការចុងក្រោយ របស់រដ្ឋាភិបាលរបស់លោក ក្នុងការបញ្ឈប់ការជួញដូរ គ្រឿងញៀនមេតំហ្វេតាមីន របស់ប្រទេស។
យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក សេដ្ឋា ថាវីស៊ីន បានជួបជាមួយអគ្គស្នងការ នគរបាលជាតិ គឹលោកឧត្តមសេនីយ៍ តូសាក់ ស៊ុកវិមុល កាលពីថ្ងៃអាទិត្យ ហើយបានបញ្ជាឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែង ដោយចង្អុលបង្ហាញថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតែជារបៀបវារៈជាតិ ។
នាយករដ្ឋមន្ត្រី បាននិយាយនៅថ្ងៃចន្ទថា ទោះបីជាមានការចាប់ខ្លួនគ្រឿងញៀនកើនឡើងបួនដងកាលពីពេលថ្មីៗនេះក៏ដោយ ក៏នេះមានន័យថា នៅមានគ្រឿងញៀនច្រើនទៀត ដូច្នេះការបង្ក្រាបត្រូវតែបន្ត»។
លោក សេដ្ឋា បានបញ្ជាឱ្យមាន ការបង្រ្កាបចុងក្រោយនេះ បន្ទាប់ ពីមានការរិះគន់ថា ការជំរុញ របស់ក្រសួង សុខាភិបាល សាធារណៈក្នុងការ រឹតបន្តឹងច្បាប់ប្រឆាំង នឹងឈ្មួញគឺមានភាពធូរ ស្រាលពេក ។ ក្រសួងបានទទូចថា អ្នកណាដែលរកឃើញថ្នាំញៀនលើសពី ៥ គ្រាប់ ត្រូវចោទប្រកាន់ ជាអ្នកចែកចាយ ដោយកាត់បន្ថយការកំណត់ពី ១០ គ្រាប់ ។ អ្នកដែលរកឃើញថ្នាំគ្រាប់ចំនួន៥គ្រាប់ ឬតិចជាងនេះ នឹងត្រូវចាត់ទុកជាអ្នកប្រើប្រាស់ និងផ្តល់ឱ្យការព្យាបាលថ្នាំញៀន ជាជាងដាក់គុក ៕
ប្រែសម្រួលៈ ណៃ តុលា