ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ ដោយសារគ្រោះបាក់ដី ហ្វីលីពីន កើនឡើងដល់ ៥៤នាក់ហើយ

រូបភាព៖ Afp

ម៉ានីល៖ កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះបាក់ដីនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន បានកើនឡើងដល់៥៤នាក់ហើយ ខណៈដែលក្រុមអ្នកជួយសង្គ្រោះកំពុងកាយល្បាប់ភក់ និងកម្ទេចកម្ទីថ្ម ដើម្បីស្វែងរកអ្នកបាត់ខ្លួន ចំនួន៦៣នាក់ទៀត ។

គ្រោះបាក់ដីបានវាយប្រហារមកលើទីក្រុងភ្នំ Maco ក្នុងខេត្ត Davao de Oro កាលពីល្ងាចថ្ងៃទី៦ ខែកុម្ភៈ ដោយបានកប់ផ្ទះសម្បែង រថយន្តជាច្រើនគ្រឿង និងកប់មនុស្សរាប់សិបនាក់ ។

ការិយាល័យទប់ស្កាត់គ្រោះមហន្តរាយទីក្រុង Maco បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន៣២នាក់បានរងរបួស ប៉ុន្តែបានរួចជីវិតពីសោកនាដកម្មនេះ ។

អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា គ្រោះបាក់ដីបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន១.៣៤៧គ្រួសារ ស្មើនឹង៥.៤៣១ នាក់ នៅក្នុងភូមិចំនួន៤ក្នុងក្រុង Maco ។

សន្ទស្សន៍ហានិភ័យពិភពលោកឆ្នាំ២០២២ បានដាក់ប្រទេសហ្វីលីពីនជាប់ចំណាត់ថ្នាក់លេខ១ សម្រាប់ប្រទេសដែលងាយរងគ្រោះនឹងគ្រោះមហន្តរាយបំផុតនៅលើពិភពលោក ។

ស្ថិតនៅតំបន់ប៉ាស៊ីហ្វិក ដែលជាប្រទេសនៅក្នុងរង្វង់នៃអគ្គី ប្រទេសប្រជុំកោះមួយនេះត្រូវបានវាយប្រហារជាញឹកញាប់ដោយព្យុះទីហ្វុងដ៏ខ្លាំងក្លា ដែលបង្កឱ្យមានគ្រោះទឹកជំនន់កើតឡើងភ្លាមៗ និងគ្រោះបាក់ដី និងគ្រោះរញ្ជួយដី និងការផ្ទុះភ្នំភ្លើង ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top