ព័ត៌មានអន្តរជាតិ

Update៖ ចំណាប់ខ្មាំង២នាក់ ត្រូវបានដោះលែង ខណៈអ៊ីស្រាអ៊ែល បើកការវាយប្រហារទៅលើតំបន់ហ្គាហ្សា បណ្តាលឲ្យស្លាប់និងរបួសលើសពី ១០០នាក់

Xinhua

ហ្គាហ្សា/យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារ យ៉ាងធ្ងន់ធ្ងររបស់កងទ័ពអ៊ីស្រាអ៊ែល ទៅលើទីក្រុង Rafah ដែលស្ថិតនៅភាគខាងត្បូង និងតំបន់ជុំវិញនៃហ្គាហ្សា ស្ទ្រីប បានកើនឡើងលើសពី១០០នាក់ នៅថ្ងៃចន្ទនេះដោយមានការ រងរបួសរាប់រយនាក់រួមទាំងស្ត្រី និងកុមារផងដែរ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសប្រហែល ៤០លើកមកលើតំបន់ Rafah កាលព្រឹកថ្ងៃចន្ទ នេះត្រូវបានធ្វើឡើងដោយកងទ័ពអ៊ីស្រាអ៊ែល ជាមួយនឹងការបាញ់គ្រាប់ផ្លោងពីដីជាច្រើនគ្រាប់ ។

កងទ័ពអ៊ីស្រាអ៊ែល បានឲ្យដឹងថា ខ្លួនបានជួយសង្គ្រោះចំណាប់ខ្មាំង២នាក់ បន្ទាប់ពីប្រតិបត្តិការរបស់ កងកម្លាំងពិសេសនៅទីក្រុង Rafah ។ បន្ទាប់មកអ្នកទាំង២ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យហើយ”ស្ថិតក្នុងស្ថានភាពល្អ” ។

កងទ័ពអ៊ីស្រាអ៊ែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅមុននេះបន្តិចថា អ៊ីស្រាអ៊ែល បានធ្វើការវាយប្រហារជាបន្តបន្ទាប់ ទៅលើគោលដៅភេរវករ នៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា នៅថ្ងៃចន្ទនេះ ។

កាលពីថ្ងៃអាទិត្យ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានជួបពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែង ដែលកំពុងបន្តដើម្បីដោះលែងចំណាប់ខ្មាំង ដែលត្រូវបានឃុំខ្លួននៅក្នុងតំបន់ ហ្គាហ្សា និងដើម្បីជួយសម្រួលដល់ការផ្តល់ជំនួយបន្ថែមទៀត ចូលទៅក្នុងក្របខណ្ឌប៉ាឡេស្ទីន តាមរយៈការសន្ទនាតាមទូរស័ព្ទ ។

មន្ត្រីរដ្ឋាភិបាលអ៊ីស្រាអ៊ែល បានប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា ការសន្ទនានេះបានផ្តោតលើចំណាប់ខ្មាំង ដែលមានចំនួនប្រហែល ១០០នាក់ នៅតែស្ថិតក្នុងតំបន់ហ្គាហ្សា ក្រោយពីត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង នៅក្នុងអំឡុងពេលនៃការវាយប្រហារ របស់ក្រុមហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top