ព័ត៌មានអន្តរជាតិ

កងកម្លាំងអ៊ីស្រាអែល ជួយសង្គ្រោះចំណាប់ខ្មាំង ២នាក់នៅទីក្រុងរ៉ាហ្វា និងសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៦៧នាក់

រូបភាពពី៖​ XINHUA

ហ្គាហ្សា៖ ប្រភពពីភាគីទាំងសងខាងបានឲ្យដឹងថា កងកម្លាំងពិសេសរបស់អ៊ីស្រាអែល បានវាយឆ្មក់ចូលក្រុងរ៉ាហ្វា នៃតំបន់ហ្គាហ្សា កាលពីព្រឹកថ្ងៃចន្ទ ដើម្បីរំដោះចំណាប់ខ្មាំងពីរនាក់ ដោយបានចាប់ផ្តើម “រលកនៃការវាយប្រហារ” ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៦៧ នាក់។

ខណៈពេលដែលត្រូវបានប្រារព្ធជាវីរភាពនៅក្នុងប្រទេសអ៊ីស្រាអែល ប្រតិបត្តិការនេះបានធ្វើឱ្យមានការភ័យខ្លាចនៅក្នុងទីក្រុងរ៉ាហ្វា ដែលជាទីក្រុងភាគខាងត្បូងបំផុតរបស់តំបន់ហ្គាហ្សា ដែលជាកន្លែង ដែលជាងពាក់កណ្តាលនៃអ្នកស្រុកចំនួន ២,៣លាននាក់កំពុងស្វែងរកទីជម្រកពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល នៅក្នុងតំបន់ផ្សេងទៀតនៃតំបន់ហ្គាហ្សា ។

ក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាសបានឲ្យដឹងនៅក្នុងការអាប់ដេតថា មនុស្សយ៉ាងតិច ៦៧នាក់បានស្លាប់ក្នុងមួយយប់ និងរាប់សិបនាក់រងរបួស។ រូបភាព និងវីដេអូ ដែលបានចាក់ផ្សាយតាមប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកបានបង្ហាញពីការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អគារនៅក្នុងតំបន់ រួមទាំងវិហារអ៊ីស្លាមមួយកន្លែង។

សាក្សីជាជនជាតិប៉ាឡេស្ទីនបានប្រាប់កាសែតស៊ិនហួ ថាអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសប្រហែល ៤០ លើតំបន់រ៉ាហ្វា នៅព្រឹកព្រលឹមថ្ងៃចន្ទ ជាមួយនឹងការបាញ់ផ្លោងលើដីយ៉ាងខ្លាំង។

លោក Suhaib Al-Ham នាយកមន្ទីរពេទ្យ Al-Kuwaiti ក្នុងទីក្រុងរ៉ាហ្វា បានប្រាប់ស៊ិនហួង្យដឹងផងដែរថា អ្នករបួសជាច្រើននៅក្នុងមន្ទីរពេទ្យរបស់គាត់បានទទួលរងនូវការកាត់ចេញដោយរបួស និងរលាកធ្ងន់ធ្ងរ ខណៈពេលដែលមានការខ្វះខាតថ្នាំពេទ្យយ៉ាងធ្ងន់ធ្ងរ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top