ព័ត៌មានអន្តរជាតិ

ប្រធានគណៈកម្មាធិការ ស៊ើបការណ៍សម្ងាត់អាមេរិក ព្រមានពីការគំរាមកំហែង សន្តិសុខធ្ងន់ធ្ងរ

Kyodo

វ៉ាស៊ីនតោន៖ ប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ សភាតំណាងសហរដ្ឋអាមេរិក បានព្រមានអំពី “ការគំរាមកំហែងសន្តិសុខជាតិយ៉ាងធ្ងន់ធ្ងរ” ហើយបានជំរុញឱ្យសេតវិមាន ដកចំណាត់ថ្នាក់ព័ត៌មានពាក់ព័ន្ធទាំងអស់។

ប្រភពពី ABC News បានរាយការណ៍ថា សេចក្តីថ្លែងការណ៍មិនធម្មតារបស់លោក Mike Turner ទាក់ទងទៅនឹងព័ត៌មានអំពី កិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ី ក្នុងការដាក់អាវុធនុយក្លេអ៊ែរនៅក្នុងលំហ សម្រាប់ការប្រើប្រាស់ ដែលអាចកើតមានប្រឆាំងនឹងផ្កាយរណប។

ឆ្លើយតបទៅនឹងចំណាត់ការរបស់ ប្រធានគណៈកម្មាធិការសាធារណៈរដ្ឋ ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បានឲ្យដឹងថា លោកមានការភ្ញាក់ផ្អើលចំពោះការបង្ហាញនេះ ខណៈដែលការសង្ខេបរបស់លោក ជាមួយមេដឹកនាំសភាទទួលបន្ទុក ផ្នែកចារកម្មត្រូវបានគ្រោងទុក សម្រាប់ថ្ងៃព្រហស្បតិ៍។

លោក Turner បានលើកឡើងថា “ខ្ញុំកំពុងស្នើសុំឱ្យប្រធានាធិបតីលោក ចូ បៃដិន ដកចំណាត់ថ្នាក់ព័ត៌មានទាំងអស់ ដែលទាក់ទងនឹងការគំរាមកំហែងនេះ ដូច្នេះសភា រដ្ឋបាល និងសម្ព័ន្ធមិត្តរបស់យើង អាចពិភាក្សាដោយបើកចំហអំពីសកម្មភាព ដែលចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនេះ” ។

ប្រធានសភាលោក Mike Johnson និងសមាជិកសភាផ្សេងទៀតបានស្វែងរក ការអះអាងពីការព្រួយបារម្ភជាសាធារណៈ ដែលជំរុញដោយការលាតត្រដាងរបស់លោក Turner ។

លោកបានប្រាប់អ្នកយកព័ត៌មាន នៅវិមានកាពីតូលថា “ខ្ញុំចង់ធានាដល់ប្រជាជនអាមេរិកថា មិនចាំបាច់មានការជូនដំណឹងជាសាធារណៈនោះទេ យើងនឹងធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហានេះ ដូចដែលយើងធ្វើរាល់បញ្ហារសើប ដែលត្រូវបានចាត់ថ្នាក់”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top