ព័ត៌មានអន្តរជាតិ

សម្ពាធអន្តរជាតិកើនឡើង លើអ៊ីស្រាអែល ដើម្បីឲ្យប្រទេសនេះ យល់ព្រមលើបទឈប់បាញ់ហ្គាហ្សា

យេរ៉ូសាឡឹម ៖ អ៊ីស្រាអែល ​កំពុង​ប្រឈម​នឹង​ការ​អំពាវនាវ​បន្ថែម​ទៀត ​ឱ្យ​យល់ព្រម​លើ​បទ​ឈប់​បាញ់ ​នៅ​តំបន់​ហ្គាហ្សា ខណៈ​ជម្លោះ​ដ៏​សាហាវ​របស់​ខ្លួន​ជាមួយ​ក្រុម​ហាម៉ាស បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង ៤ខែ​ហើយ​បាន​ឆក់​យក​ ជីវិត​ប្រជាជន​ប៉ាឡេស្ទីន ​រាប់​ម៉ឺន​នាក់​នៅ​តំបន់ហ្គាហ្សា​។

ការអំពាវនាវនេះបានកើតឡើង នៅពេលដែលអ៊ីស្រាអែល កំពុងបង្ហាញថា ខ្លួនគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការ ជើងគោកនៅទីក្រុងរ៉ាហ្វា ជាទីក្រុងភាគខាងត្បូង បំផុត របស់តំបន់ហ្គាហ្សា ដែលជាកន្លែងដែលប្រជាជន ប៉ាឡេស្ទីន ប្រហែល ១,៤លាននាក់ បានភៀសខ្លួន បានស្វែងរកការជ្រកកោន ពីការទម្លាក់គ្រាប់បែកឥតឈប់ឈរ របស់អ៊ីស្រាអែល នៅក្នុងតំបន់ផ្សេងទៀតនៃតំបន់ឆ្នេរ។

កាល​ពី​ថ្ងៃ​ពុធ ប្រធានាធិបតី​បារាំងលោក អេម៉ានុយអែល ម៉ាក្រុង បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ហើយ​បាន​ប្រាប់​លោកថា ប្រទេស​បារាំង​ប្រឆាំង​នឹង​ការ​វាយលុក​របស់​អ៊ីស្រាអែល​នៅ​ក្រុងរ៉ាហ្វា។

លោក ម៉ាក្រុង បានឲ្យដឹងថា ការវាយប្រហារបែបនេះ “អាចនាំទៅរកគ្រោះមហន្តរាយ មនុស្សធម៌នៃទំហំថ្មីមួយប៉ុណ្ណោះ” នេះបើយោងតាមការអាន ចេញផ្សាយដោយវិមាន Elysee ។ លោក​បាន​លើកឡើងថា វា​នឹង​ជា​ការ​រំលោភ​ច្បាប់​ មនុស្សធម៌​អន្តរជាតិ ហើយ​នឹង​បង្ក​ហានិភ័យ​បន្ថែម​ទៀត​នៃ​ការ​កើនឡើង​ក្នុង​តំបន់ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top