ព័ត៌មានជាតិ

ចាប់ខ្លួនជនបរទេស ២នាក់ ក្រោយផលិតមាតិកា វីដេអូបង្កឱ្យប៉ះពាល់ដល់កិត្តិយស សន្ដិសុខសណ្ដាប់ធ្នាប់ និងទេសចរណ៍ ខេត្តព្រះសីហនុ

ភ្នំពេញ៖ បុរសជាជនជាតិចិន តៃវ៉ាន់ ២នាក់ ត្រូវបានសមត្ថកិច្ច ខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួន បន្ទាប់ពីពួកគេ រួមគំនិតគ្នាផលិតមាតិកា វីដេអូប្រឌិត​ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សន្ដិសុខសណ្ដាប់ធ្នាប់ និងទេសចរណ៍ នៅខេត្តព្រះសីហនុ។

យោងតាមសេចក្ដីរាយការណ៍ ជំហានដំបូងបានឲ្យដឹងថា ជនជាតិចិនតៃវ៉ាន់ទាំង២នាក់ ត្រូវកម្លាំងសមត្ថកិច្ចជំនាញចាប់ខ្លួននៅបន្ទប់ខុនដូមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយពួកគេរួមគ្នាផលិតវីដេអូ ក្លែងក្លាយ ដើម្បីទាក់ទាញការចាប់អារម្មណ៍ នៅលើបណ្ដាញសង្គមនានា ពិសេសបណ្ដាញសង្គម TikTok ដែលមានអ្នកគាំទ្រ ឬចុចឡាយ រហូតដល់ជាង៥លាននាក់។

វីដេអូដែលពួកគេផលិតនោះមានដូចជា ការប្រឌិតជាខ្មោចលងនៅតាមសណ្ឋាគារ កាស៉ីណូ ឬទីតាំងផ្សេងៗ នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ។ តាមរយៈវីដេអូប្រឌិតទាំងអស់នេះ បានធ្វើឲ្យមហាជនមានការភ័យខ្លាច និងយល់ច្រឡំ ពិសេសអ្នកដែលរស់នៅក្រៅប្រទេស ហើយមានបំណងមកលេង កម្សាន្ដនៅខេត្តទេសចរណ៍មួយនេះតែម្ដង ទាំងដែលធាតុពិតមិនមានហេតុការណ៍នេះកើតឡើងឡើយ ពោលពួកគេគ្រាន់តែធ្វើ ដើម្បីទាក់ទាញការចូលមើល ឬដើម្បីបាន View ច្រើនតែប៉ុណ្ណោះ ។
ក្រោយចាប់ខ្លួនកម្លាំង សមត្ថកិច្ចជំនាញ ដកហូតបានស្រោមមុខខ្មោច និងសម្ភារៈបម្រើឲ្យការថតវីដេអូមួយចំនួនទៀតផងដែរ៕

To Top