ព័ត៌មានអន្តរជាតិ

កាតា ហាមអ្នកដំណើរពីថៃ និងប្រទេស១៣ផ្សេងទៀត ចូលប្រទេសខ្លួន បណ្តោះអាសន្ន ដោយសារបារម្ភអំពីមេរោគកូវីដ១៩

គែរ៖ រដ្ឋាភិបាលកាតា បានប្រកាសកាលពីថ្ងៃអាទិត្យនេះថា ប្រទេសកាតាបានរារាំង អ្នកធ្វើដំណើរជាបណ្តោះអាសន្នពី ១៤ ប្រទេសក្នុងនោះ មានប្រទេសថៃ ចាប់ពីថ្ងៃច័ន្ទនេះ ដើម្បីជាការប្រុងប្រយ័ត្ន ប្រឆាំងនឹងការឆ្លងរាលដាល នៃមេរោគឆ្លងកូវីដ១៩។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ការហាមឃាត់នេះ គ្របដណ្តប់លើប្រទេសចិន អេហ្ស៊ីប ឥណ្ឌា អ៊ីរ៉ង់ អ៊ីរ៉ាក់ លីបង់ បង់ក្លាដែស នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន កូរ៉េខាងត្បូង ស្រីលង្កា ស៊ីរី និងថៃ។

ក្រុមហ៊ុនអាកាសចរណ៍កាតាអ៊ែរវ៉េ ក៏បានផ្អាកការហោះហើរទៅ និងមក ពីប្រទេសអ៊ីតាលីរួចហើយដែរ។

សូមជម្រាបថា ប្រទេសកាតាបានរាយការណ៍ ពីករណីឆ្លងវីរុសចំនួន ៣ បន្ថែមទៀត កាលពីថ្ងៃអាទិត្យ ដែលធ្វើឱ្យចំនួន សរុបកើនឡើងដល់ ១៥ នាក់៕ ប្រែសម្រួលៈ ណៃ តុលា

To Top