ព័ត៌មានអន្តរជាតិ

អាមេរិក គាំទ្រជប៉ុន ក្នុងការទំនាក់ទំនងជាមួយកូរ៉េខាងជើង

រូបភាពពី៖​ XINHUA

តូក្យូ៖ អ្នកការទូតជាន់ខ្ពស់មួយរូបបានឲ្យដឹងថា សហរដ្ឋអាមេរិក គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការទាក់ទងជាមួយកូរ៉េខាងជើង បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ប្អូនស្រីរបស់មេដឹកនាំប្រទេសលោក គីម ជុងអ៊ុន ដែលមិនបដិសេធដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង ដោយនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វមីអូ គីស៊ីដា។

លោក Jung Pak មន្ត្រីក្រសួងការបរទេសអាមេរិក ដែលទទួលបន្ទុកកិច្ចការកូរ៉េខាងជើង បានប្រាប់អ្នកយកព័ត៌មានថា “យើងគាំទ្រការទូត និងការសន្ទនាណាមួយជាមួយកូរ៉េខាងជើង បញ្ហាការចាប់ពង្រត់ គឺជារឿងដ៏សោកសៅបំផុតមួយដែលយើងកំពុងដំណើរការ ហើយយើងគាំទ្រយ៉ាងខ្លាំងដល់ប្រទេសជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការដោះស្រាយបញ្ហានេះ”។

លោក Pak បានធ្វើការអត្ថាធិប្បាយ បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ ដែលគ្រប់គ្រងដោយរដ្ឋរបស់កូរ៉េខាងជើង បានធ្វើសេចក្តីថ្លែងការណ៍ពីបងស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំគឺលោកស្រី គីម យូជុង ដោយថា លោក គីស៊ីដា ប្រហែលជាអាចទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ប្រសិនបើទីក្រុងតូក្យូ មិនធ្វើឱ្យបញ្ហាការចាប់ពង្រត់នេះជាឧបសគ្គ សម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរនាពេលអនាគត។

លោកស្រីបានលើកឡើងថា “វានឹងមិនមានហេតុផល សម្រាប់ប្រទេសទាំងពីរមិនមានភាពស្និទ្ធស្នាលនោះទេ ហើយថ្ងៃនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីទីក្រុងព្យុងយ៉ាង អាចនឹងមកដល់”។

មន្ត្រីជប៉ុន ដែលមិនធ្លាប់មានទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង បានប្រញាប់ប្រញាល់អានរវាងបន្ទាត់នៃសេចក្តីថ្លែងការណ៍ ដែលលោកស្រីពិពណ៌នាថាមាន “ទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំតែប៉ុណ្ណោះ”។

លោក គីស៊ីដា ដែលកំពុងជួបបញ្ហាជាមួយនឹងការវាយតម្លៃការអនុម័តទាប បានបង្ហាញពីបំណងចង់ជួបជាមួយមេដឹកនាំកូរ៉េខាងជើង ដើម្បីដោះស្រាយបញ្ហានៃការចាប់ពង្រត់ជនជាតិជប៉ុនរបស់ទីក្រុងព្យុងយ៉ាង ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០៕ ប្រែសម្រួល ឈូក បូរ៉ា

To Top