ព័ត៌មានអន្តរជាតិ

ប្រទេសអេក្វាឌ័រ លុបចោលផែនការ លក់អាវុធរបស់រុស្ស៊ី ទៅឱ្យទីក្រុងវ៉ាស៊ីនតោន

រូបភាពពី៖​ RT News

បរទេស៖ ប្រទេសអេក្វាឌ័របានលុបចោលផែនការលក់ឧបករណ៍យោធារុស្ស៊ី និងអ៊ុយក្រែនហួសសម័យ ទៅឱ្យទីក្រុងវ៉ាស៊ីនតោន ជាថ្នូរនឹងប្រាក់ ២០០ លានដុល្លារ, នេះបើយោងតាមបេសកជនរបស់ទីក្រុងមូស្គូប្រចាំរដ្ឋអាមេរិកខាងត្បូង។ មន្ត្រី​អាមេរិក​បាន​ស្នើ​ថា សព្វាវុធ​នឹង​ត្រូវ​បរិច្ចាគ​ទៅ​ក្រុង​គៀវ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងទៅកាន់សារព័ត៌មាន RIA Novosti បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីអេក្វាឌ័រ លោក Daniel Noboa កាលពីថ្ងៃសុក្រ ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Vladimir Sprinchan បាននិយាយថា ទីក្រុង Quito បានផ្លាស់ប្តូរទិសដៅលើការដោះដូរអាវុធ ដោយពន្យល់ថា អេក្វាឌ័រចង់នៅឆ្ងាយពីជម្លោះដែលកំពុងកើនឡើងនៅអ៊ុយក្រែន។

លោកបាននិយាយថា “ជំហររបស់អេក្វាឌ័រគឺមិនមែនបញ្ជូនអាវុធ និងគ្រាប់រំសេវទៅកាន់តំបន់ក្តៅនោះទេ ប៉ុន្តែជាការរួមចំណែកដល់ការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈឧបករណ៍ការទូត”។

ដើម្បី​បញ្ជាក់​ថា​តើ​ការ​ផ្ទេរ​អាវុធ​ត្រូវ​បាន​បញ្ឈប់​ឬ​អត់​នោះ លោក Sprinchan បាន​ឆ្លើយ​ថា​ ជាការពិត ដោយ​បន្ថែម​ថា​ការ​សម្រេច​ចិត្ត​នឹង​ត្រូវ​បាន​គេ​ដឹង​ជា​ផ្លូវ​ការ​នៅ​ដើម​សប្តាហ៍​ក្រោយ៕ ប្រែសម្រួលៈ ណៃ តុលា

To Top