បរទេស៖ ការិយាល័យអគ្គព្រះរាជអាជ្ញា (OAG) របស់ប្រទេសថៃ បានព្យួរករណីប្រមាថព្រះមហាក្សត្រ ដល់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា រហូតដល់ថ្ងៃទី១០ ខែមេសា ព្រោះថា ការចោទប្រកាន់ពីបទប្រមាថលើរូបលោក ត្រូវការការស៊ើបអង្កេតបន្ថែម។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យរបស់ ការិយាល័យអគ្គព្រះរាជអាជ្ញា លោក Prayut Phetcharakhun បាននិយាយនៅថ្ងៃចន្ទថា ការសម្រេចព្យួរសំណុំរឿងនេះ ធ្វើឡើងដោយអគ្គព្រះរាជអាជ្ញា លោក Amnat Chetcharoenra បន្ទាប់ពីលោកបានទទួលការអង្វររកយុត្តិធម៌ពីលោកថាក់ស៊ីន។
លោក Prayut បាននិយាយថា ថ្ងៃដែលថាក់ស៊ីនត្រូវបានដោះលែងឱ្យនៅក្រៅឃុំនោះ មន្ត្រីមកពីនាយកដ្ឋានបង្រ្កាបឧក្រិដ្ឋកម្មបច្ចេកវិទ្យាបានជួបគាត់ ដើម្បីនិយាយថា គាត់នឹងមិនត្រូវបានឃុំខ្លួនក្នុងសំណុំរឿងប្រមាថព្រះមហាក្សត្រដូចដែលវាមិនទាន់ត្រូវបានបញ្ចប់នៅឡើយ។
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ត្រូវបានលើកលែងទោសកាលពីថ្ងៃអាទិត្យ ខណៈដែលលោកបានបំពេញតាមលក្ខណៈវិនិច្ឆ័យនៃការជាប់ពន្ធនាគារមួយភាគបី ដោយមានអាយុលើសពី ៧០ ឆ្នាំ និងកំពុងមានជំងឺ។ ការដោះលែងដោយមានលក្ខខណ្ឌ ត្រូវបានផ្តល់ជូនលើការធានាចំនួន ៥០ ម៉ឺនបាត។
ទន្ទឹមនឹងនេះ លោក Prayut បាននិយាយទៀតថា OAG នឹងធ្វើការសម្រេចចិត្តលើអនាគតរបស់លោកថាក់ស៊ីន នៅថ្ងៃទី ១០ ខែមេសា ហើយប្រសិនបើអតីតនាយករដ្ឋមន្ត្រីរូបនេះ អាចរួចផុតពីការចោទប្រកាន់ នោះសំណុំរឿងនឹងត្រូវបញ្ចប់ដោយគ្មានការចូលរួមពីស្ថាប័នផ្សេងទៀត។ ទោះយ៉ាងណាក៏ដោយ មានលទ្ធភាពដែលករណីនេះនឹងត្រូវពន្យារពេល ប្រសិនបើការស៊ើបអង្កេតមិនទាន់ចប់សព្វគ្រប់។
ជាការឆ្លើយតបទៅនឹងការរិះគន់ថា ការិយាល័យអគ្គព្រះរាជអាជ្ញា កំពុងធ្វើការដើម្បីគាំទ្រលោកថាក់ស៊ីន នោះ ត្រូវបានលោក Prayut ឆ្លើយតបថា “កេរ្តិ៍ឈ្មោះរបស់ ការិយាល័យអគ្គព្រះរាជអាជ្ញា សម្រាប់យុត្តិធម៌គឺជាក់ស្តែង។ យើងធ្វើការក្នុងទិសដៅស្របតាមច្បាប់ និងឱ្យមានទំនុកចិត្តលើការសម្រេចចិត្តរបស់ OAG ។
លោកថាក់ស៊ីនបានមកដល់ការិយាល័យអគ្គព្រះរាជអាជ្ញា នៅថ្ងៃចន្ទ ដោយជិះរទេះរុញដោយពាក់កឧបករណ៍ទន់ការពារ ក និង ក្រណាត់បង់ដែលគេចងជុំវិញដៃដើម្បីជួយទប់ដៃរបួសកុំឲ្យមានចលនា។
លោក Preecha Sudsanguan អគ្គនាយកនៃការិយាល័យដោះស្រាយវិវាទបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោក ថាក់ស៊ីន មានជំងឺធ្ងន់ធ្ងរ និងនិយាយមិនបាន៕ ប្រែសម្រួលៈ ណៃ តុលា