ព័ត៌មានអន្តរជាតិ

កងទ័ពអាកាសហ្វីលីពីន ចូលរួមល្បាតជាមួយសហរដ្ឋអាមេរិក ដើម្បី “ការពារដែនដី”

(Photo from Philippine Air Force)

ប៉េកាំង/ម៉ានីល៖ នៅថ្ងៃអង្គារនេះ មន្ត្រីយោធាហ្វីលីពីន បានឲ្យដឹងថា ក្រោយពីក្រុងប៉េកាំង បានចោទប្រកាន់មកលើក្រុងម៉ានីលថា បង្កបញ្ហា យន្តហោះចម្បាំងហ្វីលីពីន និងយន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក ១គ្រឿង បានហោះហើរល្បាតរួមគ្នាលើដែនសមុទ្រចិនខាងត្បូង កាលពីថ្ងៃចន្ទ ដែលគិតទៅលើសពី១សប្តាហ៍មកហើយ បន្ទាប់ពីកងទ័ពជើងទឹករបស់ពួកគេបានធ្វើសមយុទ្ធដែនសមុទ្ររួមគ្នា ដើម្បីប្រឈមមុខនឹងភាពតានតឹងជុំវិញការទាមទារទឹកដីនៅក្នុងតំបន់ ។


លោក Xerxes Trinidad ប្រមុខកិច្ចការសាធារណៈនៃកងកម្លាំងប្រដាប់អាវុធ បានលើកឡើងថា “នេះគឺដើម្បីបង្កើនសមត្ថភាពអន្តរប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធ និងបង្កើនសមត្ថភាពរបស់កងកម្លាំងអាកាសរបស់យើង (នៅក្នុង) ការអនុវត្តអាណត្តិរបស់ខ្លួនក្នុងការការពារទឹកដី សិទ្ធិអធិបតេយ្យ និងផលប្រយោជន៍ជាតិរបស់យើង” ។

នៅមុននេះ យោធារបស់ប្រទេសចិន បានចោទប្រកាន់ហ្វីលីពីនថា បានបង្កបញ្ហាដោយធ្វើការល្បាតតាមអាកាសរួមគ្នាជាមួយ “បណ្តាប្រទេសក្រៅដែនដី” ហើយបន្ទាប់មកដោយបើកចំហ ដែលជាការ “បំភ័ន្តភ្នែក” តែប៉ុណ្ណោះ ។

បញ្ជាការដ្ឋានប្រចាំភូមិភាគខាងត្បូងរបស់ខ្លួនបានឲ្យដឹងថា ខ្លួនបានរៀបចំកងកម្លាំងជើងទឹក និងទ័ពអាកាសជួរមុខ ដើម្បីតាមដានយ៉ាងដិតដល់នូវសមយុទ្ធរួមកាលពីថ្ងៃចន្ទ ហើយកងទ័ព “បានរក្សាការប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារអធិបតេយ្យភាពជាតិយ៉ាងម៉ឺងម៉ាត់បំផុត” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top