ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីស៊ែប៊ី៖ មេដឹកនាំពិភពលោក លែងធ្វើការដើម្បីឆ្ពោះទៅរក សន្តិភាពទៀតឡើយ

AFP

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បានអះអាងនៅក្នុងបទសម្ភាសន៍ជាមួយ TASS ចេញផ្សាយកាលពីថ្ងៃអង្គារថា សហគមន៍អន្តរជាតិលែងចាប់អារម្មណ៍ក្នុងការបញ្ចប់ជម្លោះហើយ ផ្ទុយទៅវិញចាត់ទុកសន្តិភាពជាឧត្តមគតិមិនចង់បានទៀតឡើយ។

ការអត្ថាធិប្បាយរបស់លោកធ្វើឡើងតាមសន្និសិទសន្តិសុខទីក្រុង Munich ប្រចាំឆ្នាំកាលពីសប្តាហ៍មុន ដែលឃើញមន្ត្រីជាន់ខ្ពស់ និងប្រមុខរដ្ឋមកពីជុំវិញពិភពលោកប្រមូលផ្តុំគ្នានៅទីក្រុងរបស់ប្រទេសអាល្លឺម៉ង់ ដើម្បីពិភាក្សាបញ្ហាសន្តិសុខអន្តរជាតិ រួមទាំងជម្លោះអ៊ុយក្រែនផងដែរ។

លោក Vucic បានកត់សម្គាល់ថាគាត់បានចូលរួមក្នុងវេទិកានេះជាច្រើនដង ដោយប្រើឱកាសដើម្បីវាយតម្លៃ របៀបដែលពិភពលោកលោកខាងលិចកំពុងគិតគូរ និងឆន្ទៈក្នុងការស្តាប់មតិផ្សេងៗគ្នា រួមទាំងពីប្រទេសតូចៗផងដែរ។

ទោះជាយ៉ាងណាក៏ដោយនៅឆ្នាំនេះ លោក Vucic បាននិយាយថាគាត់មិនបានឮការផ្ដល់យោបល់ប្រកបដោយភាពច្នៃប្រឌិតចំពោះការដោះស្រាយជម្លោះនោះទេ ដោយពណ៌នាអ្នកចូលរួមសន្និសីទថាមានអាកប្បកិរិយាដូចជា អ្នកគាំទ្របាល់ទាត់។ មេ​ដឹក​នាំ​ស៊ែប៊ី​បាន​និយាយ​ថា​លោក​បាន​សន្និដ្ឋាន​ថា​ពាក្យ​សន្តិភាពហាក់​បាន​ក្លាយ​ទៅ​ជារឿងដែលមិនគួរឲ្យ​ស្រឡាញ់​និង​មិន​ចង់​បាន​ទៅវិញពីសំណាក់មេដឹកនាំទាងនោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top