ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី លើកទឹកចិត្ត ឱ្យវិស័យឯកជន ជាពិសេសសេដ្ឋកិច្ច ក្រៅប្រព័ន្ធរួមកម្លាំងគ្នា ក្លាយជាកម្លាំងសេដ្ឋកិច្ចដ៏ធំ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហាញការលើកទឹកចិត្តដល់វិស័យឯកជន ជាពិសេសបងប្អូនអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្វែងយល់ និងចាប់យកនូវគោលនយោបាយ របស់រាជរដ្ឋាភិបាលអាណត្តិនេះផ្តល់ជូន ដើម្បីទាញចូល ក្នុងការធ្វើការងារ រួមគ្នា​ដើម្បីបង្កើននូវកម្លាំងសេដ្ឋកិច្ចមួយធំ ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី២១ ខែកុម្ភៈនេះ សម្តេចធិបតី មានប្រសាសន៍ថា ” ខ្ញុំក៏សូមលើកទឹកចិត្ត ជូនបងប្អូននៅក្នុងវិស័យឯកជន ជាពិសេសបងប្អូននៅ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីស្វែងយល់ និងចាប់យកនូវគោលនយោបាយ ដែលរាជរដ្ឋាភិបាលអាណត្តិនេះផ្តល់ជូន ដើម្បីទាញចូល ដើម្បីយើងរួមគ្នា ក្នុងការធ្វើការងារ រួមគ្នាដើម្បីបង្កើននូវកម្លាំងរបស់យើង ជាកម្លាំងសេដ្ឋកិច្ចមួយធំ ។ ប្រទេសយើងតូចតែបើយើងរួមគ្នាធ្វើ ហើយអាចរួមគ្នាបានជាដៃគូរវាងឯកជន រាជរដ្ឋាភិបាល ហើយជាពិសេសនៅ SME នេះ ដែលយើងអាចទាញចូលគ្នាបាន ខ្ញុំគិតថា ជាកិច្ចការងារល្អ ជាកម្លាំងធំ”។

សម្តេចធិបតី បានលើកឡើងថា “ក្រសួង ដែលបានជំរុញកិច្ចការងារនេះ ខ្ញុំសូមបន្តលើកទឹកចិត្ត នៅក្នុងការដាក់ចេញ នូវគោលនយោបាយ ហើយជាពិសេសចងក្រង និងរៀបចំគោលនយោបាយបន្ត បានរៀបចំច្រើនហើយ ឥឡូវនេះសំខាន់ គឺយន្តការអនុវត្ត យន្តការអនុវត្ត ដោយមានប្រសិទ្ធភាព និងចីរភាព”។

ក្នុងនោះសម្តេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា “ជួនកាលកុំយន្តការច្រើនពេក ជួនកាលយន្តការដែលមានច្រើន វាទៅជាយន្តការដែលប្រកួតប្រជែងឯងគ្នាវិញ ដែលយន្តការប្រកួតប្រជែង ទៅជាយន្តការ ដែលថាគ្នាយើងតូចហើយ មិនសាមគ្គីគ្នាទៀត ទៅជាតូចមែនទែន” ។

សម្តេចធិបតី ក៏បានរំលឹកថា “កុំភ្លេចថាយើងផលិត ទាំងផ្គត់ផ្គង់ក្នុងស្រុក ទាំងក្រៅស្រុក សូម្បីតែក្នុងស្រុក ក៏យើងត្រូវផលិតប្រកួតប្រជែង ជាមួយផលិតផលនាំចូលពីខាងក្រៅដែរ ព្រោះយើងមិនអាចបិទប្រទេសយើងបានទេ ព្រោះយើងក៏ត្រូវបើកនាំចេញរបស់យើងទៅក្រៅ ចឹងក៏ត្រូវឲ្យគេចូល ចឹងបើយើងរួមគ្នា ជាសិប្បកម្ម ជាអ្វីរួមគ្នា អាចប្រមូលទុន ប្រមូលជំនាញ ប្រមូលអ្វី អាចផលិតបានប្រកួតប្រជែង ព្រោះយើងមិនអាចដាក់ច្បាប់ បិទមិនឲ្យចូល មានតែយកច្នៃប្រឌិតរបស់យើង ផលិតភាពរបស់យើង ដើម្បីប្រកួត បានន័យថា អតិថិជនយើង ថ្ងៃមួយគាត់នឹងមកទិញ ផលិតផលក្នុងស្រុករបស់យើង ដោយមិនចាំបាច់បង្ខំគាត់ ចឹងហើយបានទាមទារ នូវការជួយរបស់រាជរដ្ឋាភិបាល ការផ្គុំកម្លាំងគ្នារបស់សិប្បកម្មរបស់យើង របស់សហគ្រាសរបស់យើង ដែលផលិតដូចគ្នានោះ រួមគ្នាធ្វើការ” ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំថា “បើមិនប្រមូលកម្លាំងទេ យើងប្រកួតមិនឈ្នះគេទេ ខ្ញុំសូមនិយាយចឹងតែម្តង ហើយ​ប្រសិនបើយើងកាន់តែប្រកួតគ្នាខ្លួនឯងទៀត ទៅលើទីផ្សារតូចនេះ យើងកាន់តែលំបាក ចឹងកិច្ចការទាំងអស់នេះ មិនត្រឹមតែដាក់ចេញគោលនយោបាយថ្មីទេ ដែលខ្ញុំថា ពង្រឹងជាជាងពង្រីក ជាជាងបង្កើតយន្តការថ្មី យើងត្រូវមើលយន្តការដែលមានស្រាប់ ពិនិត្យមើលថាតើច្រើនឬនៅ ឬខ្វះ បើខ្វះពិតប្រាកដចាំយើងបង្កើតថ្មី បើអត់ទេយើងបង្រួមទៅ កន្លែងខ្លះ បើអាចបង្រួមបាន បង្រួមទៅ ជាជាងកម្លាំងពីរដែលប្រកួតគ្នា មកជាកម្លាំងមួយជជែកគ្នា ធ្វើការជាមួយគ្នា រួមគ្នា ហើយរាជរដ្ឋាភិបាលសម្របជូន៕

To Top