ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ កុម្ភៈ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក៏ដូចជានៅតាមបណ្តាទីតាំងផ្សេងៗទៀត។
ក្នុងសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា សកម្មភាព ចាក់ថ្មចូលផ្ទៃទន្លេដើម្បីចាក់ ខ្សាច់លុបនេះ នឹងបង្កឧបសគ្គ ឬធ្វើឱ្យមានការរាំងស្ទះ ដល់លំហូរទឹកធម្មជាតិ នៃទន្លេ ហើយជាបទល្មើស ដែលមានបញ្ញត្តនៅក្នុងមាត្រា៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចែងថា «ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០ រៀល ដល់ ១០.០០០.០០០រៀល និង/ឬដាក់ពន្ធនាគារពី ១ឆ្នាំ ដល់ ៥ ឆ្នាំ ចំពោះបុគ្គល ដែលបង្កឧបសគ្គ ឬធ្វើឱ្យរាំងស្ទះដល់ លំហូរទឹកធម្មជាតិនៃទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ ដោយគ្មានការអនុញ្ញាត។ គ្រប់ករណីមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេមួយជាពីរ ។
ក្រសួងធនធានទឹក និងឧតុនិយម សូមថ្លែងអំណរគុណ ដល់សាធារណជន អ្នកសារព័ត៌មាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសរដ្ឋបាលខេត្តកំពង់ចាម ដែលបានចាត់វិធានការបន្ទាន់ក្នុងការ ទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានចូលរួមថែរក្សាការពារធនធានទឹក ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ។ ក្នុងន័យនេះ ក្រសួងនឹង បន្តតាមដានវិធានការកំណត់ ដែលដាក់ចេញដោយរដ្ឋបាលខេត្ត ចំពោះភាគីម្ចាស់ដី ៕